ព្រះសហគមន៍បឹងទំពុនបង្កើតថ្នាក់តូរ្យតន្ត្រី ដើម្បីជួយកុមារឱ្យកាន់តែមានភាពជិតស្និទ្ធនឹងព្រះសហគមន៍
ព្រះវិហារព្រះកុមារយេស៊ូ នៃព្រះសហគមន៍បឹងទំពុន បានបើកថ្នាក់បង្រៀនតូរ្យតន្ត្រីដល់កុមារជាកូនគ្រីស្តបរិស័ទ ដែលមានអាយុចន្លោះពី៨ ទៅ១២ឆ្នាំ កាលពីដើមខែកក្កដាមកនេះ ដើម្បីប្រមូលផ្ដុំកុមារឱ្យយកចិត្តទុកដាក់ និងមានអំណរសប្បាយជាមួយព្រះសហគមន៍ ក៏ដូចជាការផ្ដល់ឱកាសដល់កុមារឱ្យមានទំនាក់ទំនងជាមួយកុមារដទៃទៀតផងដែរ។ លោកឧបដ្ឋាក វី សំណាង បានលើកឡើងពីគោលបំណងដែលព្រះសហគមន៍បង្កើតថ្នាក់តូរ្យតន្ត្រីនេះថា ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលព្រះសហគមន៍ដោយយោងតាមមហាសន្និបាតឆ្នាំ២០២០-២០២៣។ លោកបានបន្តថា ៖ «ដើម្បីរួមគ្នាធ្វើដំណើរជាធ្លុងតែមួយ ហើយតាមរយៈសន្និបាតនេះបានណែនាំឱ្យព្រះសហគមន៍យកចិត្តទុកដាក់ថែទាំក្រុមគ្រួសារគ្រីស្តបរិស័ទ និងគោលបំណងមួយទៀតដើម្បីប្រមូលផ្ដុំកូនគ្រីស្តបរិស័ទឱ្យមានទំនាក់ទំនងជាមួយព្រះសហគមន៍ ឱ្យចេះស្រឡាញ់ព្រះសហគមន៍ និងជិតស្និទ្ធជាមួយព្រះសហគមន៍ក៏ដូចជាកុមារគ្រីស្តបរិស័ទដទៃទៀត តាមរយៈការចូលរួមជាមួយសកម្មភាពនានារបស់ព្រះសហគមន៍»។ លោកបានបញ្ជាក់ទៀតថា ៖ «ដំបូង យើងមានក្រុមបម្រើអាសនៈដែលជាកុមារា ប៉ុន្តែដោយមើលឃើញថា កុមារីមិនទាន់មានក្រុមច្បាស់លាស់ ទើបយើងបង្កើតគំនិតថាគួរតែបង្កើតថ្នាក់តន្ត្រីនេះឡើង ដើម្បីឱ្យក្មេងស្រីៗបានចូលរួមជាមួយព្រះសហគមន៍ផងដែរ»។ យុវជន លាក់ លឿន ដែលជាគ្រូបង្គោលនៅក្នុងថ្នាក់តន្ត្រីនេះ បានឱ្យដឹងដែរថា ការបង្កើតថ្នាក់តន្ត្រីនេះ គឺជាប្រយោជន៍សម្រាប់កុមារឱ្យទទួលបាននូវជំនាញទន់ផ្ទាល់ខ្លួន និងជាគ្រឹះសម្រាប់ព្រះសហគមន៍ ដើម្បីឱ្យពួកគាត់អាចបម្រើព្រះសហគមន៍នៅថ្ងៃខាងមុខខាងផ្នែកតន្ត្រីនេះផងដែរ។ លោក លាក់ លឿន បានឱ្យដឹងទៀតថា ៖ «ឆ្លងកាត់ការណែនាំ និងអនុវត្តមួយសប្ដាហ៍មកនេះ ខ្ញុំឃើញថាប្អូនៗមានការវិវឌ្ឍជាងការរំពឹងទុក នាឱ្យខ្ញុំគិតថាគម្រោងនេះនឹងទៅមុខបានយ៉ាងល្អ។ ខ្ញុំសង្ឃឹមថា ទៅថ្ងៃអនាគតនឹងមានធនធានផ្នែកតន្ត្រីច្រើនសម្រាប់ព្រះសហគមន៍»។ លោក លាក់ លឿន បន្តថា ថ្នាក់តន្ត្រីនេះ …