សកម្មភាព

ក្រុមគ្រួសារបងស្រីឧបការគុណ បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ “ចូរស្វែងរកសិរីរុងរឿងរបស់ព្រះជាម្ចាស់” នាថ្ងៃទី 25 តុលា 2020នេះ

ក្រុមគ្រួសារបងស្រីឧបការគុណ ដែលមានទីតាំងនៅក្នុងសង្កាត់បឹងទំពុនខណ្ឌមានជ័យនៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូងរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ “ចូរស្វែងរកសិរីរុងរឿងរបស់ព្រះជាម្ចាស់” នាថ្ងៃទី 25 តុលា 2020នេះ ដោយមានសិក្ខាកាមចូលរួមចំនួន 23 នាក់ក្នុងនោះមាន 5 នាក់មកពីមណ្ឌលនិស្សិតនិង 3 នាក់ជាយុវសិស្សនៃមណ្ឌលសន្តហ្រ្វង់ស៊ីស្កូ។ អង្គសិក្ខាសាលានេះដឹកនាំដោយបងស្រីធារី ក្នុងគោលបំណងចែករំលែកបទពិសោធខ្លះៗរបស់គ្រីស្តបរិស័ទថ្មីទាក់ទងទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ និងការប្រកាសដំណឹងល្អដល់បងប្អូនដែលជាគ្រីស្តបរិស័ទនិងអស់អ្នកដែលកំពុងត្រៀមខ្លួនដើម្បីទទួលអគ្គសញ្ញាជ្រមុជទឹក ជាពិសេសសិក្ខសាលានេះជារបៀបមួយដើម្បីជួយដល់ផ្លូវវិញ្ញាណរបស់ពួកគាត់ម្នាក់ៗផងដែរ។អត្ថបទ និងរូបភាពដោយ៖ Vichea Sambo (សំបូរ សុវិជ្ជា មកពីមណ្ឌលនិស្សិតព្រះសហគមន៍កាតូលិកកម្ពុជា )

គ្រូអប់រំជំនឿនៅព្រះវិហារសន្តយ៉ូសែបជុំគិរីទទួលព្រះពរក្នុងថ្ងៃបើកឆ្នាំសិក្សាថ្មីនៃកម្មវិធីអប់រំជំនឿនាព្រឹកថ្ងៃទី ២៥ ខែតុលា​ ឆ្នាំ២០២០

ក្រុមគ្រូអប់រំជំនឿនៅព្រះវិហារសន្តយ៉ូសែបជុំគិរីទទួលព្រះពរក្នុងថ្ងៃបើកឆ្នាំសិក្សាថ្មីនៃកម្មវិធីអប់រំជំនឿនាព្រឹកថ្ងៃទី ២៥ ខែតុលា​ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក យ៉ាំង លូកា ជាបូជាចារ្យទទួលបន្ទុកដឹកនាំក្នុងមណ្ឌលសកម្មភាពកំពតនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។នៅក្នុងកម្មវិធីនេះដែរក៏មានការចែកជាសៀវភៅមេរៀនដេីម្បីដល់គ្រូអប់រំជំនឿដើម្បីងាយស្រួលក្នុងការបង្រៀននិងប្រកាសដំណឹងល្អដល់បងប្អូនឯទៀតៗ ដោយមានការចូលរួមពីសំណាក់បងប្អូនដែលជាគ្រីស្តបរិស័ទ​ ក្រុមយុវជន​ មេកាយរិទ្ធ​ នឹងបងប្អូនដែលកំពុងឈ្វេងយល់​ ប្រមាណជាង ៤០ នាក់ផងដែរ។អត្ថបទនិងរូបភាពដោយ៖ នុត សិលា (ចាន់ ម៉ានុត យុវជនមកពីព្រះសហគមន៍កោះស្លា)

សិក្ខាសាលា​ស្តី​ពី​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​បច្ចេកទេស​ថតរូប​ ដែល​រៀបចំ​ដោយ​ការិយាល័យ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ព្រះសហគមន៍​កាតូលិក​

សិក្ខាសាលា​ស្តី​ពី​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​បច្ចេកទេស​ថតរូប​ ដែល​រៀបចំ​ដោយ​ការិយាល័យ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ព្រះសហគមន៍​កាតូលិក​ សម្រាប់​សិក្ខាកាម​ដែលមកពីការិយាល័យ​ និងព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពទាំងប្រាំបួន ក្នុង​ភូមិភាគ​ភ្នំពេញ​ចំនួន​២២រូប ពីថ្ងៃទី​២៣ដល់ថ្ងៃទី២៤ ខែតុលា​ ឆ្នាំ​២០២០​ ដែល​ធ្វើនៅ​ព្រះសហគមន៍​សន្តសិលា​ និងសន្តប៉ូលភ្នំពេញថ្មី​ បានបញ្ចប់ដោយជោគជ័យ សូមអរគុណ សិក្ខាកាម​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាងយកចិត្តទុកដាក់ជាមួយគ្នា យើងនឹងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេង​ៗ​របស់​ព្រះសហគមន៍​ក្នុង​ភូមិភាគ​ភ្នំពេញ​របស់​យើងអោយបានទូលំទូលាយ៕

ព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច បានទទួលសមាជិកថ្មី ៣នាក់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០

ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ទិវាបេសកកម្ម ប្រចាំឆ្នាំ២០២០ នៅព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច បានទទួលសមាជិកថ្មី ៣នាក់។ហើយសកម្មភាពខាងអប់រំជំនឿនៅតែបន្ត ដើម្បីរៀបចំឲ្យប្អូនៗដែលមកទទួលការអប់រំពួកគាត់អាចទទួលជីវិតថ្មីនាពេលខាងមុខ។

លោកអភិបាល អូលីវីយ៉េ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្ពន្ធកាតូលិកដើម្បីមេត្តាករុណានិងអភិវឌ្ឍន៍ (CACD) ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

លោកអភិបាល អូលីវីយ៉េ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្ពន្ធកាតូលិកដើម្បីមេត្តាករុណានិងអភិវឌ្ឍន៍ (CACD) ដែលបានរៀបចំនៅការិយាល័យកណ្តាល (ថ្មី) របស់អង្គការការីតាសកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីអង្គការ ស្ថាបនព្រះសហគមន៍កាតូលិក ស្ថាបនរដ្ឋនិងឯកជនមួយចំនួនផងដែរ។

លោកអភិបាល​ អូលីវីយ៉េ បាន​ដឹកនាំ​ការប្រជុំនៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រ សាវីយ៉េ នាព្រឹកថ្ងៃទី១៥ ខែតុលា​ ឆ្នាំ​២០២០​នេះ(ចំប៉ា)

នាព្រឹកថ្ងៃទី១៥ ខែតុលា​ ឆ្នាំ​២០២០​នេះ​ លោកអភិបាល​ អូលីវីយ៉េ បាន​ដឹកនាំ​ការប្រជុំនៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រ សាវីយ៉េ (ចំប៉ា) ដែលមាន​ការចូលរួម​ពី​លោក​បូជាចារ្យ​ បងប្រុស​បងស្រី​ និង​គណ:កម្មការ​តាមព្រះសហគមន៍​កាតូលិក​ក្នុង​មណ្ឌល​សកម្មភាពទន្លេ​មេគង្គ​និង​ទន្លេ​បាសាក់​ ប្រហែលជិត៤០នាក់។ ក្នុង​កិច្ចប្រជុំ​នេះ​ លោកអភិបាល​បានរំលឹកដល់លោកបូជាចារ្យ​ បងប្រុស​បងស្រី​ និង​គណៈកម្មការ​ទាំងអស់​ ឲ្យ​រិះគិត​អំពីសារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ​ និងរកមធ្យោបាយក្នុងជួយបងប្អូនដែលរងគ្រោះដោយសារ​វិបត្តិ​នៃជំងឺកូវីដ១៩ វិបត្តិ​នៃទឹកជំនន់ និងវិបត្តិនៃជំងឺគ្រុនឈិក នៅក្នុងតំបន់ ដើម្បី​ឲ្យ​ព្រះសហគមន៍​ចូលរួម​យ៉ាង​សកម្ម​ក្នុងជីវិតរបស់ប្រជាជនកម្ពុជា៕

សំណាក់​ធម៌​ និងប្រជុំលោកបូជាចារ្យ ព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា​ ឆ្នាំ​២០២០

សំណាក់​ធម៌​ និងប្រជុំលោកបូជាចារ្យ ព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ ធ្វើនៅ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី នាព្រឹកថ្ងៃទី១៤ ខែតុលា​ ឆ្នាំ​២០២០។

អភិបូជា​បើកឆ្នាំ​សិក្សា​ថ្មី​របស់​ទេវវិទ្យាល័យ​ នាល្ងាច​ថ្ងៃទី​១៣ ខែតុលា​ ឆ្នាំ​២០២០​

អភិបូជា​បើកឆ្នាំ​សិក្សា​ថ្មី​របស់​ទេវវិទ្យាល័យ​ ក្រោម​អធិបតីភាព​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ទាំង​បី​ភូមិភាគ​ ដោយមាន​លោកបូជាចារ្យ​ បងប្រុស​បងស្រី​ និង​បងប្អូន​គ្រីស្តបរិស័ទមួយចំនួន​បានចូលរួម​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​និស្សិត​ទេវវិទ្យាល័យ​ នាល្ងាច​ថ្ងៃទី​១៣ ខែតុលា​ ឆ្នាំ​២០២០​ ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា​និងសន្តប៉ូល ភ្នំពេញថ្មី៕

អភិបូជា​បើក​ការអធិដ្ឋានសម្រាប់ការត្រាស់ហៅ​លើកទី៩៥ និងខួប១០ឆ្នាំនៃការតែងតាំងលោកអភិបាលអូលីវីយ៉េ ជាអភិបាលពេញសិទ្ធិ

អភិបូជា​បើក​ការអធិដ្ឋានសម្រាប់ការត្រាស់ហៅ​ពេញ​មួយយប់លើកទី៩៥ បុណ្យរំលឹក​សន្តី​តេរេសា​នៃ​ព្រះ​កុមារយេស៊ូ​ និងខួប១០ឆ្នាំនៃការតែងតាំងជាលោកអភិបាលពេញសិទ្ធិ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ របស់​លោកអភិបាល​ អូលីវីយ៉េ​ ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា​និងសន្តប៉ូលភ្នំពេញថ្មី ថ្ងៃទី​០១ ខែតុលា​ ឆ្នាំ​២០២០៕

ព្រះសហគមន៍សន្តសិលា​និងសន្តប៉ូល ភ្នំពេញ​ថ្មី​ បានរៀបចំពិធីបុណ្យអគ្គសញ្ញាជ្រមុជទឹក

ថ្ងៃ​ទី​០៦ ខែកញ្ញា​ ឆ្នាំ​២០២០​នេះ​ ព្រះសហគមន៍សន្តសិលា​និងសន្តប៉ូល ភ្នំពេញ​ថ្មី​ តាមរយៈ​លោក​បូជាចារ្យ​ សិលា​ សួន​ ហង្ស​លី​ បានរៀបចំពិធីបុណ្យអគ្គសញ្ញាជ្រមុជទឹក ដល់​បេក្ខជន​ចំនួន​៨រូបដែលមិនបានទទួលអគ្គសញ្ញានេះកាលពីរាត្រីបុណ្យចម្លងកន្លងមក ដោយសារ​ការ​រាតត្បាត​នៃជំងឺកូវីដ១៩៕

Subscribe to our newsletter

Don't miss new updates on your email