អភិបូជាអាទិត្យទី៥ក្នុងរដូវបុណ្យចម្លង ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២
“ធ្វើឱ្យរូបកាយរបស់យើងទៅជាព្រះកាយព្រះគ្រីស្ត” អត្ថបទទី១៖ កិច្ចការ ១៤,២១ខ-២៧យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់។ កក ១៤,២២អត្ថបទទី២៖ វិវរណៈ ២១,១-៥កព្រះពន្លារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោក។ វវ ២១,៣ដំណឹងល្អ៖ យ៉ូហាន ១៣,៣១-៣៣ក.៣៤-៣៥បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន។ យហ ១៣,៣៥ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងបានស្តាប់ធម៌វិន័យរបស់ព្រះយេស៊ូ ដែលបានណែនាំឱ្យយើងរស់នៅក្នុងលោកីយ៍នេះ ជាគ្រីស្តបរិស័ទ ជាសាវ័ករបស់ព្រះយេស៊ូ។ ព្រះយេស៊ូមានព្រះបន្ទូលថា “ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា បើអ្នកស្រឡាញ់គ្នាទៅវិញទៅមកមនុស្សទាំងអស់នឹងដឹងថាអ្នករាល់គ្នាជាសាវ័ករបស់ខ្ញុំមែន”។ នេះជារបៀបដែលព្រះយេស៊ូណែនាំឱ្យយើងជាគ្រីស្តបរិស័ទរស់នៅក្នុងលោកីយ៍នេះ ដើម្បីឱ្យសេចក្តីស្រឡាញ់ដែលយើងបានទទួលពីព្រះជាម្ចាស់ សេចក្តីស្រឡាញ់ដែលយើងមើលឃើញនៅក្នុងព្រះយេស៊ូផ្ទាល់ អាចទៅជាសេចក្តីស្រឡាញ់ដែលដឹកនាំជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្ងៃនេះ ជាថ្ងៃពិសេសនៅក្នុងព្រះសហគមន៍កាតូលិកទូទាំងពិភពលោក ដោយសារថ្ងៃនេះសម្តេចប៉ាបបានតែងតាំងសន្តបុគ្គលថ្មីម្នាក់ គឺឆាលឌឺហ្វូហ្គូ។ ខ្ញុំចង់និយាយអំពីគាត់ ដើម្បីឱ្យយើងជាគ្រីស្តបរិស័ទអាចពិចារណាអំពីជីវិតរបស់យើងសព្វ ដើម្បីឱ្យយើងជាគ្រីស្តបរិស័ទចេះស្រឡាញ់គ្នាយ៉ាងពិតប្រាកដ ដោយមើលឃើញឆាលឌឺហ្វូហ្គូជាគំរូមួយយ៉ាងពិសេស ដែលព្រះសហគមន៍ប្រគល់ឱ្យយើងជាគ្រីស្តបរិស័ទដើរតាម។ ដោយសារសន្តសន្តី ជាអ្នកដែលជាប់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងរបៀបពិសេស ដែលណែនាំឱ្យយើងជាគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍អាចមើលជាគំរូ។ យើងដឹងថា សន្តសន្តីជាមនុស្សដូចយើង ប៉ុន្តែជាមនុស្សដែលបានយកចិត្តទុកដាក់រស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អស់មួយជីវិតរបស់គេ។ ឆាលឌឺហ្វូហ្គូ បានកើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៨៥៨ នៅទីក្រុងស្ត្រាសប៊ូ ប្រទេសបារាំង គាត់បានស្លាប់នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩១៦ គេបានស្លាប់គាត់នៅក្នុងវាលរហោស្ថាននៅសាហារា។ ពេលគាត់នៅជាយុវជនគាត់ចង់ធ្វើជាទាហាន …