អភិបូជាសច្ចានិរន្តរ៍របស់បងស្រីឧបការគុណបីនាក់
ធ្វើនៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ អត្ថបទទី១៖ ហេប្រឺ ២,១៤-១៨ ពេលជួបការល្បងល ព្រះអង្គក៏អាចជួយអស់អ្នកដែលជួបនឹងការល្បងលបានដែរ។ ហប ២,១៨ ដំណឹងល្អ៖ លូកា ២,២២-៤០ ភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជាតិទាំងអស់។ លក ២,៣០-៣១ “ទុកឱ្យព្រះពន្លឺរះក្នុងដួងចិត្តយើង” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាថ្ងៃនៃអំណរសប្បាយ ដោយសារព្រះយេស៊ូបានថ្វាយខ្លួននៅវិសាលវិហារក្នុងទីក្រុងយេរូសាឡឹម។ តាមប្រពៃណីព្រះសហគមន៍ យើងគោរពព្រះពន្លឺដែរ ដោយសារព្រះយេស៊ូជាព្រះពន្លឺដែលបំភ្លឺពិភពលោក។ ជាពេលវេលា ដែលយើងអធិដ្ឋានយ៉ាងពិសេសសម្រាប់បព្វជិតបព្វជីតា និងបងប្អូនទាំងអស់ដែលបានផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។ ថ្ងៃនេះ នៅក្នុងអំណរសប្បាយនៃព្រះសហគមន៍ទូទាំងពិភពលោក ព្រះសហគមន៍កម្ពុជាមានអំណរសប្បាយថែមទៀត ដោយទទួលស្វាគមន៍បងស្រីបីនាក់នៅក្នុងក្រុមគ្រួសារឧបការគុណ ដែលបានផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់អស់មួយជីវិត។ ខ្ញុំសូមថ្លែងអំណរគុណដល់ឪពុកម្តាយរបស់បងស្រីទាំងបីនាក់ ដែលបានឯកភាព ដែលបានផ្ញើអំណោយទានយ៉ាងពិសេសដល់ព្រះសហគមន៍។ ខ្ញុំសូមថ្លែងអំណរគុណដល់លោកឪពុក និងបងស្រីមួយចំនួនដែលបានដឹកនាំ បានណែនាំបងស្រីពីប៉ុន្មានឆ្នាំកន្លងមក នៅក្នុងការអប់រំទាំងផ្លូវវិញ្ញាណ ទាំងផ្លូវចិត្ត ជាពិសេសចំណេះដឹង។ សូមថ្លែងអំណរគុណដល់ក្រុមគ្រីស្តបរិស័ទតាមព្រះសហគមន៍នីមួយៗ ក៏ដូចជាក្រុមបងស្រី បព្វជិតបព្វជីតាដែលបានមកថ្ងៃនេះយ៉ាងច្រើន។ នេះបានជួយឱ្យបងស្រីបានរីកចម្រើន មិនមែនតែនៅក្នុងចំណេះដឹង ប៉ុន្តែនៅក្នុងប្រាជ្ញាឈ្លាសវៃ នៅក្នុងកម្លាំងកាយកម្លាំងចិត្ត។ ដើម្បីថ្ងៃនេះមានជំនឿរឹងមាំ មានកម្លាំងដ៏ពេញលក្ខណៈ និងមានសេចក្តីស្រឡាញ់ពេញខ្លួន ដើម្បីប្រកាសថាបងស្រីសុខចិត្តដើរជាមួយព្រះយេស៊ូអស់មួយជីវិត នៅក្នុងក្រុមបងស្រីឧបការគុណ។ […]
អភិបូជាសច្ចានិរន្តរ៍របស់បងស្រីឧបការគុណបីនាក់ Read More »










