លោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយេ ជួបសំណេះសំណាលជាមួយគ្រួសារអ្នកជំងឺ និងរស់នៅជាមួយមេរោគអេដស៍
លោកអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជួបសំណេះសំណាលជាមួយបងប្អូន អ្នកជំងឺ និងរស់នៅជាមួយមេរោគអេដស៍ចំនួន ១០០ គ្រួសារ នៅមន្ទីធម្មការ និងសាសនាខេត្តតាកែវ នាឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ដោយមានកិច្ចសហការ រវាងព្រះសហគមន៍កាតូលិក និងមន្ទីរធម្មការ និងសាសនាខេត្តតាកែវ។ បងប្អូងទាំង១០០គ្រួសារនេះមកពីតំបន់មួយចំនួននៅជុំវិញខេត្តតាកែវ។ ក្នុងនោះដែរលោក គាំ ដាំផេង អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវថា ពិធីសំណេះសំណាលនេះជាសក្ខីភាពមួយបញ្ជាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ព្រះសហគមន៍កាតូលិក និងអរគុណដល់លោកអភិបាលអូលីវីយេដែលតែងតែចូលរួមយ៉ាងសកម្មនិងយកអំណោយចែកឲ្យអ្នកទាំងអស់គ្នានៅក្នុងខេត្តតាកែវប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព។ ក្នុងពិធីនេះលោកអភិបាលអូលីវីយេបើមានប្រសាសន៍ថា នេះជាឱកាសមួយដើម្បីជូនពរដល់បងប្អូនទាំងអស់ឲ្យមានកម្លាំងចិត្តតស៊ូនិងមានសេចក្ដីសុខជាប្រចាំ។ លោកថាបញ្ហារបស់យើងគឺជំងឺប្រចាំថ្ងៃហើយអ្វីដែលសំខាន់បំផុតគឺជីវិតរបស់យើងសព្វថ្ងៃដែលមានទាំងសុខនិងមានទុក្ខ។ លោកអភិបាលបានលើកទឹកចិត្ត បន្តទៀតថា នៅក្នុងខេត្តតាកែវយើងមានជាង 2 ពាន់នាក់ដែលមានជំងឺនេះខ្ញុំបានអាន ព័ត៌មានថា5 ឆ្នាំទៀតនឹងមានវ៉ាក់សាំងការពារ ជំងឺអេដស៍ ប៉ុន្តែសំខាន់សូមឲ្យយើងប្រយ័ត្ន កុំឱ្យមានដៃគូថ្មីគឺមានប្រពន្ធតែមួយ និងប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់។ ក្នុងឱកាសនេះដែរលោកអភិបាល ប័ណ្ណស្នើសុំ ដល់យាយៗដែលមានវត្តមាននៅទីនេះ ជួយអប់រំដល់យុវជនបន្តទៀត។ លោកបន្តថាសន្តិភាពសំខាន់ណាស់ជាពិសេសនៅពេលដែលយើងចូលឆ្នាំថ្មីជាពេលវេលាដែលយើងជូនពរគ្នាទៅវិញទៅមក នៅពេលដែលទេវតាចុះនៅថ្ងៃអាទិត្យយើងមានព្រះពរពីឋានលើមកមែនប៉ុន្តែសូមកុំភ្លេចជូនពរគ្នាទៅវិញទៅមក។ លោកបញ្ជាក់ទៀតថា យើងរកឃើញសេចក្ដីសុខនៅក្នុងជីវិតដោយចេះរួបរួមគ្នាជាគ្រួសារតែមួយ ចេះគោរពគ្នាជាបងប្អូន ហើយអ្វីដែលសំខាន់ទោះជាយើងសាសនាណាក្ដីគឺជាបងប្អូននិងជាជនជាតិខ្មែរចេះស្រឡាញ់គ្នាកសាងជាតិដោយសមត្ថភាពរបស់យើងផ្ទាល់។ តាមប្រសាសន៍របស់លោកគាំ ដាំផេងបានឲ្យដឹងថាពិធីនេះប្រព្រឹត្តទៅដោយមានការសហការល្អពីព្រះសហគមន៍និងមន្ទីរធម្មការនិងសាសនាខេត្តតាកែវ។ ក្នុងពិធីនេះអ្នកជំងឺក្នុងមួយគ្រួសារទទួលបានសាប៊ូដុសខ្លួនសាប៊ូលាងចាន សាប៊ូបោកខោអាវ ទឹកត្រីទឹកស៊ីអ៊ីវ អង្ករ និងថវិកាមួយចំនួន។