ជំនួបអន្តរសាសនាដើម្បីសុខសន្តិភាពក្នុងសង្គម
តំណាងសាសនា នៅក្នុងប្រទេសកម្ពុជា បានចូលរួមសិក្ខាសាលាដឹកនាំដោយក្រសួងធម្មការនិងសាសនា ក្រោមប្រធានបទ «សាសនិករួមគ្នាបង្កើនការអភិវឌ្ឍន៍ជាតិ កិច្ចគាំពារសុខសន្តិភាព និងសេរីភាពខាងជំនឿសាសនា» ដែលមានអ្នកចូលរួម៤៥៣នាក់ នៅទីស្ដីការក្រសួងធម្មការនិងសាសនា រាជធានីភ្នំពេញកាលពីថ្ងៃទី២១ មិថុនា។ ក្នុងសិក្ខាសាលានេះ មានវាគ្មិនចំនួន៨រូប ពីស្ថាប័ននានាបានលើកឡើងអំពីប្រវត្តិរបស់សាសនានៅប្រទេសកម្ពុជា ភាពខុសគ្នារវាងសាសនានិងសាសនា ការចូលរួមដោយមិនប្រកាន់សាសនា ការថែរក្សាសុខដុមនីយកម្មសាសនា ជាដើម។ លោកដួងសាវង់ តំណាងព្រះសហគមន៍កាតូលិកកម្ពុជានិយាយថា «សិក្ខាសាលាថ្ងៃនេះ រំឭកយើងឱ្យយល់អំពីតម្លៃសន្តិភាព ដែលអាចអភិវឌ្ឍសង្គមជាតិ ជាពិសេសនាំឱ្យសង្គមនៃសាសនាអាចបន្តទៅមុខទៀតបានដោយសុខសន្តិភាព។» លោកបញ្ជាក់ទៀតថា សិក្ខាសាលានេះជួយឱ្យយើងកុំភ្លេចខ្លួន ដើម្បីឱ្យសាសនាទាំងអស់នៅតែមានវត្តមាន និងសង្គមរបស់យើងនៅស្ថិតស្ថេរ។ ដូច្នេះសូមយើងទាំងអស់គ្នាយកចិត្តទុកដាក់អំពីការកសាងសន្តិភាព។ មុនពេលបិទបញ្ចប់អង្គសិក្ខាសាលានាថ្ងៃនោះ តំណាងសាសនានីមួយៗបានធ្វើសេចក្តីសម្រេចរួមមួយ ដែលមាន៥ចំណុចសំខាន់ៗ គឺ ១. ដឹងគុណដល់សម្តេចហ៊ុនសែន ដែលបានរក្សាសន្តិភាពនិងអភិវឌ្ឍ រក្សាបានសុខដុមនីយកម្មគ្រប់សាសនា ២. គោរពកិច្ចសហប្រតិបត្តិការសាសនា បង្កើតសាមគ្គីភាព ស្មោះត្រង់ ដោយឈរលើគោលការណ៍យោគយល់ អធ្យាស្រ័យ គ្រប់កាលៈទេសៈ ៣. គោរពនិងអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ៤. គោរពនិងប្រណិប័តន៍វិន័យសាសនារបស់ខ្លួនដោយគោរពសិទ្ធិអ្នកកាន់សាសនាដទៃ ៥. គោរពនិងថែរក្សាឲ្យបាននូវប្រពៃណី វប្បធម៌និងទំនាមទម្លាប់ ដែលជាអត្តសញ្ញាណជាតិ ហើយរួមចំណែកអភិវឌ្ឍសង្គម និងជីវភាពរស់នៅរបស់ប្រជាជន …