អាទិត្យទី២២នៃរដូវធម្មតា កសិដ្ឋានឋានសួគ៌ភ្នំវល្លិ៍ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ “យើងជាកំពូលនៃការបង្កើត”
បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះ ដែលខ្ញុំបានមកដល់កសិដ្ឋានឋានសួគ៌ភ្នំវល្លិ៍ ដែលមានភ្នំ មានដើមស្វាយ មានម្រេចកំពត មានដើមឈើគ្រប់មុខ និងសត្វគ្រប់ប្រភេទ។ ដូច្នេះ ពេលយើងមកដល់ទីនេះណែនាំឱ្យយើងនឹកឃើញដល់ព្រះជាម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់។ ពីដើមរៀងមក ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតទាំងផែនដី ទាំងផ្ទៃមេឃ ទាំងផ្កាយ ទាំងព្រះអាទិត្យ ទាំងព្រះច័ន្ទ។ ពីដើមរៀងមក ព្រះជាម្ចាស់បានបង្កើតធម្មជាតិទាំងឡាយ មានដើមឈើ មានផ្កា មានសត្វ…។ នៅក្នុងកសិដ្ឋានរបស់យើងមានសត្វទា សត្វគោ សត្វមាន់ សត្វពពែ សត្វជ្រូក សត្វសេះ យើងក៏មានសត្វពស់ដែរ ដូចនៅក្នុងសួនអេដេនពីដើមក៏មានសត្វពស់។ កំពូលដែលយើងបានស្តាប់ថ្ងៃនេះនៅក្នុងព្រះបន្ទូលដំណឹងល្អ “ព្រះអង្គសព្វព្រះហឫទ័យបង្កើតយើងមក ដោយសារព្រះបន្ទូលនៃសេចក្តីពិត ដើម្បីឱ្យយើងទៅជាផលដំបូងម្យ៉ាងនៃអ្វីៗទាំងអស់ដែលព្រះអង្គបង្កើតមក”។ បងប្អូនជាទីស្រឡាញ់ នៅពេលយើងនឹកឃើញរបៀបដែលព្រះជាម្ចាស់បានបង្កើតពិភពលោក របៀបដែលព្រះជាម្ចាស់បានបង្កើតសត្វលោក យើងយល់ថាយើងជាកំពូលនៃការបង្កើត។ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំបង្កើតបុរសនិងស្ត្រីឱ្យមានលក្ខណៈដូចយើង ឱ្យទៅជាតំណាងយើង”។ នេះជាអ្វីដែលយើងបានទទួលនៅក្នុងជីវិតរបស់យើង យើងដឹងថាព្រះជាម្ចាស់បានបង្កើតយើងជាបុរស ជាស្ត្រី ជាតំណាងនៃព្រះជាម្ចាស់លើផែនដីនេះ ដើម្បីណែនាំឱ្យយើងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានបង្កើតយើង។ “ចូរប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់តាមបញ្ជា ប៉ុន្តែសូមធ្វើតាមព្រះបន្ទូលនេះនៅក្នុងជីវិតប្រចាំថ្ងៃ”។ ថ្ងៃនេះ ព្រះយេស៊ូចង់និយាយថាកុំលាងដៃកុំលាងតុ ដោយសារពេលយើងស្តាប់អត្ថបទនេះហើយ ប្រហែលយើងមានអារម្មណ៍ថា សាវ័ករបស់ព្រះយេស៊ូឥតមានអនាម័យ។ ជាពិសេសនៅក្នុងសម័យកូវីដ-១៩នេះ …