បុណ្យណូអែល គឺបុណ្យនៃសេចក្តីស្រលាញ់
កំពត៖ ក្នុងធម្មទេសនា អភិបូជា ប្រារព្វពិធីបុណ្យព្រះយេស៊ូប្រសូត នៅព្រះសហគមន៍សន្ត យ៉ូសែបជុំគីរី នារសៀលថ្ងៃទី ២៤ ខែធ្នូនេះ លោកបូជាចារ្យ តាវ៉ូឡា ហ្គីអានលូកា មានប្រសាសន៍ថា បុណ្យព្រះយេស៊ូប្រសូត ឬ បុណ្យណូអែលដែលយុវវ័យយើងស្គាល់គ្រប់គ្នានោះ គឺមានន័យថា ជាបុណ្យនៃសេចក្តីស្រលាញ់។ លោកបន្ថែមទៀតថា កាលដែលយើងអាចនិយាយបានថា បុណ្យនេះ ជាបុណ្យនៃសេចក្តីស្រលាញ់នោះ ព្រោះវា បានរម្លឹកដល់ថ្ងៃដែលព្រះគ្រីស្តប្រសូត ក្នុងក្រោលជៀម ជាកន្លែងដែលស្មោកគ្រោក ហើយមនុស្សទូទៅខ្ពើមរអើម។ ព្រឹត្តិការណ៍នោះ បានបង្ហាញថា ដោយការស្រលាញ់ពីព្រះជាម្ចាស់ មកលើមនុស្សយើង ទើបព្រះអង្គបានប្រទានបុត្រាព្រះអង្គ មកប្រសូតក្នុងក្រោលនោះ ដើម្បីអោយយើងទាំងអស់គ្នា បានយល់ពីសេចក្តីស្រលាញ់របស់ទ្រង់ ចំពោះយើងទាំងអស់គ្នា។ សូមបញ្ជាក់ផងដែរថា ក្នុងកម្មពិធីបុណ្យព្រះយេស៊ូប្រសូត នៅព្រះសហគមន៍សន្ត យ៉ូសែបជុំគីរី នារសៀលនេះ មានបងប្អូនគ្រីស្តបរិស័ទ្ធជាង ៣០០ នាក់ មកចូលរួម ដោយក្នុងនោះមាន យុវនារីស្ម័គ្រចិត្តមកពីប្រទេសជប៉ុនចំនួន ១០ នាក់ផងដែរ។ ដោយបុណ្យព្រះយេស៊ូប្រសូត ជាថ្ងៃនៃសេចក្តីស្រលាញ់ គណៈកម្មការព្រះសហគមន៍ បានចែកកាដូ ដល់បងប្អូនដែលមានការខ្វះខាត ចំនួន ៣០ នាក់ ដើម្បីបង្ហាញពីសេចក្តីស្រលាញ់របស់យើងទៅដល់បងប្អូនទាំងអស់។