បុណ្យលើកតម្កើងព្រះត្រៃឯក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី “យើងជាគ្រួសារតែមួយដូចព្រះត្រៃឯក”
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងគោរពព្រះជាម្ចាស់ដែលជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ (ព្រះត្រៃឯក)។ យើងបានស្ដាប់អត្ថបទទី១ អំពីគម្រោងការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ប្រជារាស្រ្តអ៊ីស្រាអែលពីដើម និងដែលបានរៀបចំសម្រាប់យើងសព្វថ្ងៃ។ គម្រោងការនេះ គឺ “អ្នកត្រូវកាន់តាមវិន័យ និងតាមបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបានប្រគល់ឱ្យអ្នកនៅថ្ងៃនេះ ដើម្បីឱ្យទាំងអ្នក ទាំងកូនចៅរបស់អ្នកមានសុភមង្គលហើយ មានអាយុយឺនយូរនៅលើទឹកដីដែលព្រះជាម្ចាស់របស់អ្នកប្រទានឱ្យអ្នករហូតតទៅ”។ នេះជាព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ឱ្យយើងទាំងអស់គ្នាមានសុភមង្គល មានអាយុយឺនយូរនៅលើទឹកដីដែលព្រះជាម្ចាស់ប្រទានឱ្យ។ សព្វថ្ងៃ សម្រាប់យើងទឹកដីដែលព្រះជាម្ចាស់ប្រទានឱ្យ គឺនៅលើទឹកដីនៃប្រទេសកម្ពុជារបស់យើង។ ដោយដឹងថា ព្រះជាម្ចាស់ដែលជាព្រះបិតាបានជ្រើសរើសយើង បានជ្រើសរើសយើងជាប្រជារាស្ត្ររបស់ព្រះអង្គនៅលើទឹកដីយើង។ ព្រះជាម្ចាស់ បានណែនាំនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយើងទទួលស្គាល់ថា ពិតមែនយើងជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដូចយើងបានស្ដាប់នៅក្នុងអត្ថបទទី២ ដោយសារព្រះវិញ្ញាណនេះយើងបន្លឺសំឡេងឡើងថា “អាប៉ា ឱព្រះបិតា” គឺព្រះវិញ្ញាណដែលផ្ដល់សក្ខីភាព ឱ្យវិញ្ញាណរបស់យើងខ្ញុំដឹងថា យើងពិតជាបុត្រធីតាបស់ព្រះជាម្ចាស់មែន។ យើងទទួលបេសកកម្មពីព្រះយេស៊ូផ្ទាល់ ដែលថ្ងៃនេះព្រះអង្គមានព្រះបន្ទូលដល់យើងថា “ចូរចេញបង្ហាត់មនុស្សគ្រប់ជាតិសាសន៍ ឱ្យធ្វើជាសាវ័ក ហើយធ្វើពិធីជ្រមុជទឹកឱ្យគេនៅក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។ បងប្អូនជាទីស្រឡាញ់ នេះជាគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គពីដើមរៀងមករហូតដល់សព្វថ្ងៃ។ គឺយើងជាប្រជារាស្ត្រដែលព្រះជាម្ចាស់ជាព្រះបិតាបានជ្រើសរើស យើងមានសមត្ថភាពដើម្បីហៅព្រះជាម្ចាស់ថាព្រះបិតា នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ ដោយសារ យើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ និងនៅក្នុងព្រះយេស៊ូគ្រីស្តយើងទទួលបេសកកម្មមួយយ៉ាងពិសេស គឺបង្ហាត់ឱ្យមនុស្សទាំងឡាយធ្វើជាសាវ័ក និងណែនាំឱ្យគេទទួលពិធីជ្រមុជទឹកនៅក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ …