អភិបូជាប្រគល់មុខងារជាអ្នកបម្រើអាសនៈជូនបងប្រុស ប៉ូល វិន កាន់ ព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ “ស្រែកនៅវាលរហោស្ថាន”
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាពេលវេលាមួយ ដើម្បីអរព្រះគុណព្រះជាម្ចាស់ ថ្ងៃនេះជាថ្ងៃទី២៤ ខែមិថុនា មានន័យថាព្រះយេស៊ូប្រសូត៦ខែទៀត។ ថ្ងៃនេះ ជាយប់ខ្លីជាងគេនិងជាថ្ងៃវែងជាងគេនៅក្នុងមួយឆ្នាំ ចាប់ពីយប់នេះយប់ចាប់ផ្តើមវែងទៅៗនិងថ្ងៃខ្លីទៅៗរហូតដល់ថ្ងៃព្រះយេស៊ូប្រសូត។ នៅពេលយ៉ូហានបាទីស្ទកើតហើយ តាមពិតយើងត្រូវការមានព្រះអាទិត្យដូចជាលិចទៅៗ ដើម្បីទុកឱ្យព្រះយេស៊ូទៅជាព្រះអាទិត្យមហាកំពូលដើម្បីបំភ្លឺពិភពលោក ដូចយ៉ូហានបាទីស្ទមានតួនាទីចង្អុល បង្ហាញឱ្យគេឃើញព្រះយេស៊ូផ្ទាល់។ ថ្ងៃនេះ នៅពេលយើងមើលយ៉ូហានបាទីស្ទ នៅពេលយើងមើលជីវិតរបស់យើងនៅក្នុងកូវីដមានរឿងប្រហែលគ្នាច្រើនណាស់។ នៅពេលឪពុកម្តាយសួរថា “តើថ្ងៃក្រោយកូននេះនឹងទៅជាយ៉ាងណា?” នេះជាសំណួរមួយដ៏សំខាន់នៅពេលយើងជាឪពុកម្តាយពេលយើងមានកូនកើតភ្លាមៗយើងក៏បានសួរសំណួរនេះដែរ។ ថ្ងៃនេះ យើងនឹកឃើញដល់ឪពុកម្តាយរបស់បងប្រុស កាន់ ដែលមិនអាចចូលរួមបានដោយសារស្ថានភាពមិនអំណោយផល។ ប៉ុន្តែ យើងអធិដ្ឋានសម្រាប់ក្រុមគ្រួសារគាត់ដោយដឹងថា ឪពុកម្តាយកំពុងអធិដ្ឋានសម្រាប់កូនដែរ។ ចំពោះសំណួរនេះ ឪពុកម្តាយមានប្រហែលជាង៣០មុន ឥឡូវនេះឃើញកូននេះកំពុងផ្ញើជីវិតទៅលើព្រះជាម្ចាស់។ តើថ្ងៃក្រោយកូននេះនឹងទៅជាយ៉ាងណា? ថ្ងៃនេះយើងឃើញចម្លើយ៖ ទីមួយ កូននេះនឹងទៅជាព្យាការីដែលស្រែកនៅក្នុងវាលរហោស្ថាន ដែលស្រែកឱ្យជនជាតិអ៊ីស្រាអែលកែប្រែចិត្តគំនិត ទទួលពិធីជ្រមុជទឹកដើម្បីទទួលជីវិតថ្មីជាមួយព្រះយេស៊ូ។ ទីពីរ កូននេះនឹងទៅជាព្យាការីដែលបង្ហាញព្រះយេស៊ូឱ្យជនជាតិអ៊ីស្រាអែលមើលឃើញ។ យ៉ូហានបាទីស្ទបានស្រែកនៅក្នុងវាលរហោស្ថាន ដើម្បីឱ្យប្រជារាស្ត្រអ៊ីស្រាអែលកែប្រែចិត្តគំនិត និងទទួលពិធីជ្រមុជទឹក។ នៅក្នុងនេះ ប្រសិនបើយើងមើលបញ្ហាកូវីដ-១៩សព្វថ្ងៃ យើងមានរឿងច្រើនដែលណែនាំឱ្យយើងគិតពិចារណា។ លោកយ៉ូហានបាទីស្តស្រែកនៅក្នុងវាលរហោស្ថាន យើងអាចសួរខ្លួនឯងថា តើវាលរហោស្ថានរបស់យើងសព្វថ្ងៃនៅកន្លែងណា? របៀបដែលយើងរស់នៅតាមរយៈទំនាក់ទំនងដែលយើងមានក្នុងទូរស័ព្ទ នៅក្នុងការប្រជុំពីចម្ងាយ នៅក្នុងរបៀបដែលយើងលែងជួបជុំគ្នាបាន ជួនកាលខ្ញុំមានអារម្មណ៍ថាខ្ញុំស្រែកនៅក្នុងវាលរហោស្ថានទំនើប។ ទំនើប ដោយសារខ្ញុំនៅមុខកាំមេរ៉ា ខ្ញុំមានហ្វេសបុក ខ្ញុំមានយូធូបដែលកំពុងផ្សាយផ្ទាល់ខ្ញុំស្រែកខ្លាំងៗដើម្បីឱ្យគេលឺ។ …