អភិបូជាបុណ្យសពលោកឪពុក តូនី វីនដ្រាមីន ព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ “គំរូរបស់លោកឪពុក តូនី វីនដ្រាមីន”
បងប្អូនជាទីស្រឡាញ់ នៅថ្ងៃនេះ យើងថ្វាយអភិបូជាបុណ្យសពលោកឪពុក តូន វីនដ្រាមីន នៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច។ យើងបានធ្វើម៉ោង ៣.០០នាទីរសៀល ដើម្បីឱ្យក្រុមគ្រួសារក៏ដូចជាមិត្តភក្តរបស់លោកឪពុកនៅប្រទេសអ៊ីតាលីបានចូលរួមពីចម្ងាយ (នៅប្រទេសអ៊ីតាលីត្រូវនឹងម៉ោង ៩.០០ព្រឹក) ដូច្នេះជាពេលវេលាមួយដើម្បីភ្ជាប់ជាមួយបងប្អូនគាត់។ លោកឪពុកជាទីស្រឡាញ់ ក្រុមគ្រួសារ បងប្អូន មិត្តភក្តរបស់លោកឪពុកនៅប្រទេសអ៊ីតាលី បងប្អូនជាទីស្រឡាញ់នៅប្រទេសកម្ពុជា ដែលបានធ្វើការជាមួយ ដែលបានស្គាល់លោកឪពុក តូនី ដែលភ្ជាប់ជាមួយលោកឪពុកជាគ្រូគង្វាល ដែលមានចិត្តសប្បុរសដូចព្រះជាម្ចាស់។ នៅថ្ងៃនេះ ជាពិសេសខ្ញុំសូមអធិដ្ឋាន និងនឹករលឹកដល់ក្រុមបងស្រីនៃអ្នកម្តាយតេរេសា ដែលបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដោយសារវត្តមានរបស់លោកឪពុក តូនី។ តាមពិតប្រសិនបើបងស្រីឥតមានលោកឪពុកក៏មកមិនបាន ព្រោះថាបងស្រីត្រូវការមានអភិបូជាប្រចាំថ្ងៃ។ ខ្ញុំនឹករលឹកដល់បងស្រី ជាពិសេសក្រុមគ្រួសារបងស្រីសាឡេស៊ាន ក៏ដូចជាបងស្រីកាម៉ែល ដែលបានទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត អគ្គសញ្ញាលើកលែងទោស ដោយសាលោកឪពុក តូនី បានយកចិត្តទុកដាក់រហូតដល់ពេលវេលាចុងក្រោយរបស់គាត់ មុនពេលលោកចូលមន្ទីរពេទ្យក៏លោកបានទៅថ្វាយអភិបូជាឱ្យបងស្រីយ៉ាងច្រើន។ នៅពេលនេះ ខ្ញុំអធិដ្ឋាននិងនឹករលឹកដល់បងប្អូនមួយចំនួនយ៉ាងធំ ដែលបានធ្វើការជាមួយលោកឪពុក តូនី នៅក្នុងអង្គការមនុស្សលោកថ្មី។ ណែនាំឱ្យមនុស្សយ៉ាងច្រើន ជាពិសេសបងប្អូនតូចតាចដែលសង្គមពូកែភ្លេច រកឃើញសេចក្តីសង្ឃឹមដ៏ពិតប្រាកដ។ នៅពេលនេះ ខ្ញុំអធិដ្ឋាននិងនឹករលឹកដល់ព្រះសហគមន៍ដែលលោកឪពុក តូនី បានបម្រើ ជាពិសេសនៅពេលគាត់ចូលនិវត្តន៍បម្រើដោយយកចិត្តទុកដាក់ ដោយចិត្តអត់ធ្មត់ ដោយសេចក្តីស្រឡាញ់ …