ព្រះសហគមន៍មណ្ឌលសកម្មភាពមេគ្គង

លោកអភិបាលជំរុញ គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ អ្នកក្រីក្រ អរិយធម៌ ធម្មជាតិនិងព្រះសហគមន៍

មុនរដូវអប់រំពិសេស ឬរដូវត្រណមខាងមុខនេះ លោកអភិបាល អូលីវីយេ បានជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់នូវបួនចំណុចសំខាន់ៗទាក់ទងទៅនឹង អ្នកក្រីក្រ អរិយធម៌ប្រពៃណីក្នុងប្រទេស ការថែរក្សាធនធានធម្មជាតិ និងការអភិវឌ្ឍព្រះសហគមន៍ក្នុងរបៀបថ្មីមួយ។ លោកអភិបាលមានប្រសាសន៍អំពីរឿងទំាងនេះនៅក្នុងធម្មទេសនា នៅព្រះសហគមន៍សន្តិសិលា ពោធិ៍ធំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយភ្ជាប់សារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ។ លោកអភិបាលមានប្រសាសន៍ថា «កុំឲ្យយើងមានសង្គមដែលបែងចែកមនុស្ស…ឲ្យសិទ្ធិមនុស្សមានស្មើគ្នាសម្រាប់មនុស្សទាំងអស់»។ លោកអភិបាលបន្ថែមថា ទោះបីព្រះសហគមន៍យើងតូចក៏ដោយ នៅពេលយើងលើកទឹកចិត្តជាមួយអ្នកក្រីក្រ ជាមួយកម្មករ ជាមួយអ្នកជំងឺ ជាមួយបងប្អូនដែលសង្គមមិនអើពើ យើងដឹងថានៅពេលនោះយើងចូលនៅក្នុងព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់។ មានន័យថា យើងបានធ្វើដំណើរជាមួយអ្នកក្រីក្រដើម្បីឲ្យមនុស្សទាំងអស់មានជីវិតថ្លៃថ្នូរ និងមានសិទ្ធិស្មើៗគ្នា «នេះជាសំឡេងដែលព្រះសហគមន៍អាចមាន»។ ក្នុងនោះដែរលោកអភិបាលបានជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតនៅក្នុងរដូវអប់រំពិសេសថ្ងៃខាងមុខនេះចំពោះអ្នកក្រីក្រ ដែលកំពុងអស់សង្ឃឹម និងបាត់បង់តម្លៃថ្លៃថ្នូរក្នុងជីវិត។ ក្នុងនោះដែរលោកអភិបាលបានរំលឹកថា ព្រះសហគមន៍នៅកម្ពុជា មិនមែនជាព្រះសហគមន៍របស់បរទេសទេ ប៉ុន្តែផ្ទុយទៅវិញ ព្រះសហគមន៍នេះភ្ជាប់ជីវិត អំណរសប្បាយ ទុក្ខលំបាក ប្រពៃណី វប្បធម៌ សាសនា របៀបដែលប្រជាជនកម្ពុជារស់នៅជាប្រចាំ «ដើម្បីឲ្យព្រះហឫទ័យរបស់ព្រះគ្រីស្តចូលនៅក្នុងទឹកដីរបស់យើងយ៉ាងជ្រៅ និងធ្វើដំណើរជាមួយបងប្អូនយ៉ាងពិតប្រាកដ»។ លោកអភិបាលបន្ថែមថា របៀបដែលយើងអធិដ្ឋាន របៀបដែលយើងបង្កើតទំនាក់ទំនង របៀបដែលយើងចូលនៅក្នុងបុណ្យប្រពៃណីនីមួយៗ… នេះជារបៀបដែលបង្ហាញថាយើងជាគ្រួសារតែមួយដែលចេះគោរពគ្នាទៅវិញទៅមក ដែលចេះទទួលប្រពៃណី អរិយធម៌ វប្បធម៌ ដ៏អស្ចារ្យដើម្បីចូលនៅក្នុងពន្លឺរបស់ព្រះគ្រីស្តផង។ …

លោកអភិបាលជំរុញ គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ អ្នកក្រីក្រ អរិយធម៌ ធម្មជាតិនិងព្រះសហគមន៍ Read More »

លោកអភិបាលអូលីវីយេ ស្នើឲ្យគ្រីស្តបរិស័ទយកវិរបុរសខ្មែរធ្វើជាគំរូ

លោកអភិបាលព្រះសបគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអីស្លែរ បានស្នើដល់គ្រីស្តបរិស័ទ និងអស់លោកដែលជាបព្វជិត បព្វជីតា មានតួនាទីបម្រើព្រះសហគមន៍កាតូលិក មណ្ឌលសកម្មភាពមេគង្គ ឲ្យយកចិត្តទុកដាក់បម្រើអ្នកតូចតាច ដោយមានវីរបុរសខ្មែរជាគំរូ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នាថ្ងៃទី២៦ កុម្ភ: ២០២០ នៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ នៅក្នុងធម្មទេសនានៃកម្មវិធីបុណ្យអភិបូជាចូលឆ្នាំថ្មីនេះដែរ លោកអភិបាលអូលីវីយេ បានមានប្រសាសន៍អប់រំគ្រីស្តបរិស័ទទាំងអស់ជាពិសេសបព្វជិតបព្វជីតា ដែលរស់នៅលើទឹកដីកម្ពុជា ដោយយកវីរបុរសខ្មែរ ព្រះបាទជ័យវរន្ម័នទី៧ជាគំរូ ដោយមានចិត្តមេត្តាករុណា ព្រោះព្រះបាទជ័យរន្ម័នទី៧ បានបង្រួបបង្រួមប្រជារាស្ត្រឲ្យមានសន្តិភាពនៅក្នុងការកាន់ជំនឿសាសនា ជាមហាក្សត្រដែលចេញក្រៅរាជវាំងទៅសួរសុខទុក្ខប្រជារាស្ត្រ កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិឌ្ឍន៍គ្រប់វិស័យ និងមន្ទីរពេទ្យដែលជាសកម្មភាពមេត្តាករុណាសម្រាប់មនុស្សតូចតាចនៅក្នុងសង្គម។ លោកបញ្ជាក់ទៀតថា សូមឲ្យយើងចេះបើកភ្នែក មើលវីរបុរសខ្មែរ និងសន្តសន្តីធ្វើជាគំរូ ដើម្បីរស់នៅក្នុងសេចក្ដីសុខដែលមានព្រះជាម្ចាស់គង់នៅ និងមានសេចក្ដីសង្ឍឹមតទៅមុខទៀត លុះត្រាតែយើងចាក់ឫសនៅក្នុងការអធិដ្ឋាន និងសូត្រផ្គាំ។ នៅក្នុងឆ្នាំថ្មីនេះដែរ ក្រៅពីការណែនាំខាងលើ លោកបានបន្ថែមទៀតថា នៅក្នុងឆ្នាំថ្មីនេះសូមបងប្អូនយកចិត្តទុកដាក់ជាមួយក្រុមគ្រួសារ ស្រឡាញ់ក្រុមគ្រួសារផ្ទាល់ខ្លួន និងចេះលើកលែងទោសឲ្យគ្នាទៅវិញទៅមក។ លោកបន្តទៀតថា ដោយសូមឲ្យក្មេងៗស្ដាប់បង្គាប់ឪពុកម្ដាយ ហើយឪពុកម្ដាយក៏ត្រូវយល់ពីក្មេងៗវិញផងដែរ ដើម្បីឲ្យគ្រួសារមានសេចក្ដីសុខសភមង្គល។

Subscribe to our newsletter

Don't miss new updates on your email