Month: November 2019

កុមារ១០នាក់ទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្តលើកដំបូង

កុមារ១០នាក់ ដែលមានអាយុចាប់ពី១០ឆ្នាំដល់១៥ឆ្នាំ នៅព្រះវិហារសន្តអន់ទន់ ព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល នៃមណ្ឌលសកម្មភាពទន្លេមេគង្គ ទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្តលើកដំបូង នាថ្ងៃទី២៤ វិច្ឆិកា ២០១៩។ កុមារទាំង១០នាក់ជាកូនចៅគ្រីស្តបរិស័ទកាតូលិកដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីនៅជាទារក ។ តាមការឲ្យដឹងពីលោកបូជាចារ្យ ដានីញ៉ែល យ៉ូន ជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍ព្រែកដាច់ មានប្រសាសន៍ថា ពេលកុមារទទួលអគ្គសញ្ញាជ្រមុជទឹកគេមិនទាន់មានជំនឿទេ ជាហេតុព្រះសហគមន៍ឲ្យពួកគេរៀនសូត្របន្ថែមទៀតអំពីជំនឿដោយទុកពេលអប់រំ៣ទៅ៤ឆ្នាំ ទាក់ទងនឹងព្រះជាម្ចាស់មុននឹងទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដើម្បីជួយឲ្យពួកក្មេងៗបានរិះគិតពីព្រះជាម្ចាស់។ លោកថា អគ្គសញ្ញានេះជាពិធីដ៏សំខាន់សម្រាប់គ្រីស្តបរិស័ទ ហើយកុមារទទួលព្រះកាយនេះមានអាយុល្មមក្លាយជាកុមារគ្រីស្តបរិស័ទ មិនមែនជាទារកទៀតឡើយ លុះដល់ពេលគេទទួលអគ្គសញ្ញាលាបថ្ងាសនោះពួកគេនឹងក្លាយទៅជាគ្រីស្តបរិស័ទពេញវ័យពិតប្រាកដ។ តាមការអប់រំរបស់ព្រះសហគមន៍សម្រាប់គ្រីស្តបរិស័ទដែលទទួលអគ្គសញ្ញាជ្រមុជទឹកកាលពីនៅជាទារក នៅពេលធំក្នុងអាយុប្រមាណ៧ឆ្នាំឡើងទៅ ត្រូវចូលរៀនអប់រំជំនឿបន្ថែមដើម្បីទទួលព្រះកាយព្រះគ្រីស្ត បន្ទាប់មកត្រូវរៀនអប់រំអំពីអគ្គសញ្ញាលាបថ្ងាសដើម្បីក្លាយជាគ្រីស្តបរិស័ទពេញលក្ខណៈ។ លោកបូជាចារ្យបញ្ជាក់ថា អគ្គសញ្ញាទទួលព្រះកាយព្រះគ្រីស្ត គឺជាជីវិតរបស់គ្រីស្តបរិស័ទដើម្បីក្លាយទៅជាគ្រួសារតែមួយ ទោះបីមានសញ្ជាតិផ្សេងៗពីគ្នាក៏ដោយ គឺមានន័យថាយើងទៅជារូបកាយព្រះសហគមន៍តែមួយ ដោយចូលរួមសាងសង់ព្រះសហគមន៍។ លោកបូជាចារ្យ ដានីញ៉ែល មានប្រសាសន៍ទៀតថា ក្នុងថ្ងៃដដែលនោះ ក៏មានកុមារ៩រូបផ្សេងទៀតនៅព្រះសហគមន៍កំពង់ចម្លងក៏បានទទួលអគ្គសញ្ញាទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្តដូចគ្នាផងដែរ។ លោកបូជាចារ្យដានីញ៉ែល យ៉ូន ទទួលបន្ទុកលើព្រះសហគមន៍៣នៃមណ្ឌលសកម្មភាពទន្លេមេគង្គស្ថិតក្នុងភូមិភាគភ្នំពេញគឺ ព្រះសហគមន៍សំរោងធំ ព្រះសហគមន៍កំពង់ចម្លង និងព្រះសហគមន៍ព្រែកដាច់៕ ដាលីស

ព្រះសហគមន៍កោះស្លាយកចិត្តទុកដាក់ជាមួយជនក្រីក្រនៅតាមភូមិ

ក្រុមសង្គហៈ និងក្រុមយុវជន នៃព្រះវិហារសន្តប៉ូល កោះស្លារួមជាមួយលោកបូជាចារ្យ កាលេណានី ឆាល បានអញ្ជើញទៅចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពលោក ជា កើត ដែលជាជនក្រីក្រ នៅភូមិទួលដូន្ដី ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោក ជា កើត អាយុ៥១ឆ្នាំ ទទួលមរណភាពដោយសារ ជំងឺ។ ក្រោយពីលោកបូជាចារ្យបានសួរនាំក្រុមគ្រួសារសព និងចូលរួមគោរពវិញ្ញាណក្ខន្ធនិងអធិដ្ឋានតាមបែបគ្រីស្តសាសនារួចរាល់។ ព្រះសហគមន៍ផ្តល់អង្ករមួយបាវ និងជូនថវិកាមួយចំនួនសម្រាប់គ្រួសារក្រីក្រមួយនេះ ដោយបានមកពីរៃអង្គាសថវិកាពីគ្រីស្តបរិស័ទ។ នេះបើតាមប្រសាសន៍របស់លោក សិលា ចាន់ម៉ានុត ប្រធានក្រុមយុវជន និងក្រុមសង្គហៈរបស់ព្រះសហគមន៍កោះស្លា។ លោកបន្ថែមទៀតថា កូនៗរបស់សពមានចំនួន៧នាក់ដែលក្នុងនោះបីនាក់ទៀតកំពុងសិក្សានៅសាលា ហើយព្រះសហគមន៍បានរិះគិតថា នឹងជួយឧបត្ថម្ភពួកគាត់ ប្រសិនបើគ្រួសារនេះស្នើសុំ។ លោក ម៉ានុត ឲ្យដឹងទៀតថា ព្រះសហគមន៍តែងតែជួយដល់អ្នកខ្វះខាតនៅក្នុងភូមិ ដោយមិនគិតអំពីសាសនានោះទេ តួយ៉ាងដូចគ្រួសារសពលោក ជា កើតនេះ៕ ដាលីស

លោកអភិបាល៖ វត្តមានសម្តេចប៉ាប ផ្តល់កំលាំងឲ្យយើង

នៅថ្ងៃទី១ នៅក្នុងប្រទេសថៃនៃដំណើរបូជនីយចរ ក្នុងពេលសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ មកបំពេញទស្សនកិច្ចនៅប្រទេសថៃ លោកអភិបាលអូលីវីយេ បានមានប្រសាសន៍ទៅកាន់ក្រុមគ្រីស្តបរិស័ទ ព្រះសហគមន៍កម្ពុជា ប្រមាណជា២០០នាក់ ដែលជាតំណាងមកពីព្រះសហគមន៍នានាក្នុងភូមិភាគទាំងបី ដើម្បីលើកកំលាំងចិត្តឲ្យធ្វើដំណើរក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ជាមួយសម្តេចប៉ាបដោយអំណរ និងពង្រឹងជំនឿបន្ថែម។ លោកអភិបាលមានប្រសាសន៍ថា នេះជាលើកទី៦ដែលសម្ដេចប៉ាប មកកាន់ទ្វីបអាស៊ី។ ក្នុងកម្មវិធីនេះ សង្ឃឹមថា គ្រីស្តបរិស័ទយើងមាន កម្លាំងពេញខ្លួនដូចសន្តប៉ូល ទោះបីមានឧបសគ្គ តែបានរក្សាជំនឿរឹងមាំ។ លោកអភិបាលបន្តថា «សម្ដេចប៉ាបមកសួរសុខទុក្ខព្រះសហគមន៍ ជាឱកាសមួយដើម្បីផ្ដល់កម្លាំង និងលើកទឹកចិត្តដល់យើង…យើងជាតំណាងគ្រីស្តទូតនៅកម្ពុជា សូមឲ្យយើងយកឱកាសជួបសម្ដេចប៉ាបនេះ បន្តរក្សាជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់មកពីព្រះជាម្ចាស់»។ តំណាងគ្រីស្តបរិស័ទកាតូលិកនៅកម្ពុជា ដែលមកពីព្រះសហគមន៍នានា ទូទាំងប្រទេស បានចាកចេញពីប្រទេសកម្ពុជាតាមរថយន្ត កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ដោយមានការលើកទឹកចិត្តជាប់ជានិច្ចពីលោកអភិបាលអូលីវីយេ និងដឹកនាំដោយលោកបូជាចារ្យ ប៉ូលរឿង ឆ័ត្រសិរី ដើម្បីចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះដំណើរយាង ទស្សនកិច្ចរបស់សម្តេចហ្វ្រង់ស៊ីស្កូ មកកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ។ ក្រោយដំណើរទស្សនកិច្ចនៅ ប្រទេសថៃ សម្តេចប៉ាបនឹងបន្តដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី២៣-២៦ ខែវិច្ឆិកាខាងមុខនេះ។ ទាក់ទងនឹងដំណើរនៅប្រទេសជប៉ុន លោកអភិបាលអូលីវីយេបានមានប្រសាសន៍ ថា«ប្រទេសជប៉ុនកំពុងរង់ចាំឲ្យសម្ដេចប៉ាបមានបន្ទូល អំពីការបញ្ឈប់អាវុធនុយក្លេអ៊ែរ…. ព្រោះសម្ដេចប៉ាបជាទូតនៃសន្តិភាព»។ កម្មវិធីនៅថ្ងៃទី២១ …

លោកអភិបាល៖ វត្តមានសម្តេចប៉ាប ផ្តល់កំលាំងឲ្យយើង Read More »

គ្រីស្តបរិស័ទកម្ពុជាធ្វើដំណើរទៅប្រទេសថៃដើម្បីទទួលស្វាគមន៍សម្តេចប៉ាប

គ្រីស្តបរិស័ទ១៦៥នាក់ធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ក្នុងគោលបំណងធ្វើបូជនីយេសក៍ជួបជាមួយសម្ដេចប៉ាបហ្វ្រង់ស៊ីសកកូ ដែលជាតំណាងគ្រីស្តទូតដ៏កំពូលតាមជំនឿព្រះសហគមន៍កាតូលិក ក្រោមការដឹកនាំដោយលោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ដែលជាអគ្គលេខារបស់លោកអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ដំណើរបូជនីយេសក៍នេះធ្វើឡើងរយ:ពេល៤ថ្ងៃ៣យប់គឺចេញដំណើរពីថ្ងៃទី២០ ដល់២៣ វិច្ឆិកា ២០១៩នេះ។ គួរបញ្ជាក់ផងដែរថា សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ បានមានបន្ទូលពីដំណើរទស្សនកិច្ចរបស់លោកនេះកាលពីថ្ងៃទី១៥ វិច្ឆិកា ២០១៩ ថាលោកនឹងមានឱកាសជួបគ្រីស្តបរិស័ទកាតូលិកនៅប្រទេសថៃ ដើម្បីលើកទឹកចិត្តគ្រីស្តបរិស័ទនៅក្នុងជំនឿ និងការសហការគ្នាដើម្បីចែករំលែកឲ្យសង្គមនានា។ សម្ដេចប៉ាបក៏បានរំឭកដល់គ្រីស្តបរិស័ទជនជាតិថៃ ត្រូវបំពេញតួនាទីគាត់ដើម្បីប្រទេសជាតិរបស់ពួកគាត់ ហើយសង្ឃឹមថា នឹងជួយពង្រឹងទំនាក់ទំនងមិត្តភាព ឲ្យមានការចែករំលែកជាមួយបងប្អូន ពុទ្ធបរិស័ទ ប្រុសស្រី ព្រោះពួកគាត់ជាសាក្សីនៃភាពអត់ធ្មត់និងសាមគ្គីភាព ដែលជាអត្តសញ្ញាណ របស់ជនជាតិ ថៃយ៉ាងពិតប្រាកដ។ សម្ដេចប៉ាបក៏មានបន្ទូលបង្ហាញនូវការជឿជាក់ថា ការសួរសុខទុក្ខរបស់ពុកលើកនេះ នឹងជួយឲ្យយើង យល់ដឹងសារៈសំខាន់រឿងទំនាក់ទំនងរវាងសាសនាយ៉ាងច្បាស់លាស់ ដោយយល់ចិត្តគ្នាយ៉ាងស៊ីជម្រៅមួយទៀតគឺ សហការគ្នាជួយគ្នាទៅវិញទៅមកដូចជាបងប្អូន ជាពិសេសរឿងការបម្រើសេវាដល់ជនក្រីក្រ សម្រាប់អ្នកដែលត្រូវការជំនួយជាទីបំផុត និងធ្វើការដើម្បីសន្តិភាព។ បងប្រុស ប្រាក់ ហុង និស្សិតទេវវិទ្យាន័យបានឲ្យដឹងថា ប្រសិនបើបានជួបសម្ដេចប៉ាបខ្ញុំនឹងសូមសម្ដេចគិតពីស្ថានភាពនយោបាយនៅកម្ពុជា និងសូមលោកអធិដ្ឋានសម្រាប់ព្រះសហគមន៍ ជាពិសេសសូមឲ្យទេវវិទ្យាល័យកម្ពុជាមានភាពរីកចម្រើនដោយមានយុវជនជាច្រើនអាចឆ្លើយតបនឹងការត្រាស់ហៅជាបូជាចារ្យ។ រីឯលោក គុយ លីហៀង ក៏បានរិះគិតផងដែរថាប្រសិនបើខ្ញុំបានជួបសម្ដេចប៉ាបខ្ញុំនឹងទូលសូមលោកប្រទានព្រះពរដល់ប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលឲ្យមានសុខសន្តិភាព និងអធិដ្ឋានដល់អស់កុមារកំព្រារ អ្នកក្រីក្រខ្វះអាហារ …

គ្រីស្តបរិស័ទកម្ពុជាធ្វើដំណើរទៅប្រទេសថៃដើម្បីទទួលស្វាគមន៍សម្តេចប៉ាប Read More »

លោកអភិបាល៖ សូមព្រះសហគមន៍នីមួយៗទៅជាឪពុកម្តាយ បង្កើតបូជាចារ្យថ្មីៗ

លោកអភិបាលអូលីវីយេមានប្រថា​៖”សូមឲ្យព្រះសហគមន៍នីមួយទៅជាឪពុកម្តាយ បង្កតើបូជាចារ្យថ្មីៗ។ ដោយសារ​ព្រះសហគមន៍​យើង​ខ្វះបូជាចារ្យ​សម្រាប់សាបព្រោះ (ប្រកាសដំណឹងល្អ) ដើម្បីអប់រំ ដើម្បីដឹកនាំ និងខ្វះបូជាចារ្យ ក្នុងការថ្វាយ​សក្ការបូជា ដើម្បី​ឲ្យវត្តរបស់ព្រះយេស៊ូគ្រីស្តចូលយ៉ាងជ្រៅក្នុងដួងចិត្តរបស់យើង”។ លោកអភិបាលមានប្រសាសន៍បែបនេះ ក្នុងធម្មទេសនា នៃពិធីបុណ្យអភិបូជាអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅ លើកទី៨៧ នៅព្រះសហគមន៍ភ្នំពេញថ្មី ព្រះវិហារសន្តសិលា និងសន្តប៉ូល កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោកអភិបាលបានបន្តលើកទឹកចិត្តគ្រីស្តបរិស័ទ ឲ្យយកចិត្តទុកដាក់ថែរក្សាលោកបូជាចារ្យដែលយើងមានក្នុងព្រះសហគមន៍។​កុំឲ្យលោក​ទៅជាអ្នក​បើកបរឡានសម្រាប់គ្រីស្តបរិស័ទ ឲ្យលោករត់ចុះឡើងសម្រាប់កិច្ចការដែលមិនត្រូវនឹងមុខងារតួនាទីរបស់លោកជាបូជាចរ្យ។​លោកថា​ដើម្បីឲ្យលោកបូជាចារ្យអាចបំពេញមុខងាររបស់លោកជាបូជាចារ្យ សម្រាប់ឲ្យកូនចៅគ្រីស្តបរិស័ទបានឃើញ​គំរូរបស់បូជាចារ្យ ហើងចង់ក្លាយជាបូជាចារ្យបម្រើព្រះសហគមន៍ដែរ។ លោកបន្តថា សូមឪពុកម្តាយជាគ្រីស្តបរិស័ទត្រូវគិតគូកុំមានកូន​សម្រាប់តែបម្រើការងារសង្គម​ប៉ុណ្ណោះ គឺមានកូន​ដើម្បីបម្រើ​ព្រះសហគមន៍​ផងដែរ។   លោកអភិបាលបញ្ជាក់បន្ថែមថា យើងបន្តអធិដ្ឋាន​ដើម្បីឲ្យមានអ្នកសាបព្រោះពិសេស គឺ “បូជាចារ្យ” ក្នុង​ព្រះសហគមន៍​យើង។​ ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា បានរស់ឡើងវិញក្រោយរបបសម្លាប់រង្គាលដួលរលំ និងសង្គ្រាមដ៏រ៉ាំរ៉ៃ បានបញ្ចប់ នាដើមទស្សវត្ស ១៩៩០។ រហូតមកដល់ដែលពេលនេះ មានបូជាចារ្យ និងសាសនទូតជាច្រើនមកពីប្រទេសផ្សេងៗ ដើម្បីណែនាំ និងបម្រើព្រះសហគមន៍នៅក្នុងប្រទេសកម្ពុជា។​​សម្រាប់ភូមិភាគភ្នំពេញ មានបូជាចារ្យជាតិកម្ពុជាតិចតួចបំផុត​មានចំនួនតែ ៣នាក់ប៉ុណ្ណោះ។ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក្រោមការណែនាំរបស់លោកអភិបាលអូលីវីយេ បានបង្កើតឲ្យមានកម្មវិធីផ្សេងៗដើម្បីអប់រំ និងជួយយុវជនរិះគិតអំពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដើម្បីបម្រើព្រះសហគមន៍។ ការអធិដ្ឋានពេញមួយ​យប់​ក៏ជា​កម្មវិធី​មួយ​ដើម្បី​បើកចិត្ត​គំគិតរបស់យុវជន ក្រោមឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យគេចេះឆ្លើយតបនឹង​ការត្រាស់របស់​ព្រះជាម្ចាស់​ក្នុង​ជិវិតជាបូជាចារ្យ។

រាង​កាយ​និង​វិញ្ញាណ​ត្រូវ​ចិញ្ជឹម​ដោយ​ការ​អប់រំ

លោកអភិបាល​អូលីវី​យេ ជ្មីតអីស្ល៊ែរ ចូលរួម​ជា​អធិបតី​ក្នុងពិធី​បើក​បវេសនកាល​​ វិទ្យាល័យ​សម្តេច​ក្រុមព្រះ និង ព្រះអង្គម្ចាស់​ក្សត្រិយ​ នរោត្តម​ ម៉ារី​រណឫទ្ធិ​ អង្គរនាប នា​ព្រឹក​ថ្ងៃទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដោយ​រួម​ជាមួយ​ លោក សាយ វណ្ណៈ អភិបាល​រង​ស្រុក​ត្រាំកក់ លោក យន់ យ៉ុង អនុ​ប្រធាន​ការិយាល័យ​មធ្យម​សិក្សា​នៃ​មន្ទីរ​អប់រំ យុវជន និងកីឡា ខេត្ត​តាកែវ និង​មាន​ការ​ចូល​រួម​ដោយ​លោក​គ្រូ​អ្នក​គ្រូ បុគ្គលិក​សិក្សា និង​សិស្សានុសិស្ស ជិត២០០០នាក់។ លោក​អភិបាល អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ថ្លែង​ក្នុង​អង្គ​ពិធី​ថា លោក​មក​ចូល​រួម​ថ្ងៃ​នេះ ​ក្នុង​នាម​ជា​មិត្ត​សម្លាញ់​នៃ​ការសិក្សា។ លោក​បាន​មាន​ប្រសាសន៍ទៀតថា មនុស្ស​ដែល​ពេញ​លក្ខណៈ​ជា​មនុស្ស​ដែល​ចិញ្ចឹម​ខួរ​ក្បាល​ផង ដែល​ថែរក្សា​រូបកាយ​ផង ដែល​យក​ចិត្ត​ទុក​ដាក់​លើ​ផ្លូវ​វិញ្ញាណ​ផង និង​រស់​នៅ​ក្នុង​ពិភព​ដែល​យើង​បាន​ទទួល។ ដូច្នេះ ​ចំណេះ​ដឹងជា​កត្តា​សំខាន់ ហើយ​យើង​ត្រូវ​ចេះ​​ថែរក្សា​ទេពកោសល្យ​ ថែរក្សា​សាមគ្គីភាព​ជាមួយ​មនុស្ស​​នៅ​ក្នុង​សង្គម និង​ចេះ​ចិញ្ចឹម​ផ្លូវ​វិញ្ញាណ។  នៅ​ក្នុងនោះ​ដែរ​លោក​អភិបាល​បាន​ផ្តល់​នូវ​ពាក្យ​បួន​ឃ្លា​ដែល​ក្នុងនោះ​មាន​ សមត្ថភាព ឧត្តមភាព មេត្តា និង​ករុណា​ ដល់​សិស្សានុសិស្ស​ទាំង​អស់។ លោក​បញ្ជាក់ថា ការ​សិក្សា​អប់រំ​គឺ​ ឲ្យ​យើង​ខិតខំ​អស់​ពី​សមត្ថភាព ឲ្យ​យើង​ថែរក្សា​ឧត្តមភាព​ដើម្បី​ចូលរួម​នៅ​ក្នុង​អនាគត​នៃ​ប្រទេសជាតិ និង​ការពារ​ថែរក្សា​ចិត្ត​មេត្តា​និង​ករុណា …

រាង​កាយ​និង​វិញ្ញាណ​ត្រូវ​ចិញ្ជឹម​ដោយ​ការ​អប់រំ Read More »

សាលាសន្តហ្រ្វង់ស្វ័របានបើកបវេសនកាលឆ្នាំសិក្សាថ្មី

សាលាសន្តហ្រ្វង់ស្វ័រ នៃព្រះសហគមន៍កាតូលិកភូមិភ្នំពេញ បានបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៩-២០២០ ក្រោមអធិតីភាព លោក នុត ខុម សមាជិកក្រុមប្រឹក្សាខេត្តតាកែវ និង លោក អូលីវីយេ អភិបាលព្រះសហគមន៍ និងជាស្ថាបនិកវិទ្យាល័យនេះ ។ លោក ប៉ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ សាលាមានសិស្សសរុបចំនួន ២៤៣នាក់ ក្នុងនោះផ្នែកមធ្យមសិក្សាបឋមភូមិមានចំនួន ១២៨ នាក់ និងផ្នែកមធ្យមសិក្សាទុតិយភូមិមានចំនួន ១១៥ នាក់ ។ លោកបន្តថា ចំពោះលទ្ធផលនៃការប្រឡងថ្នាក់ជាតិ គឺ សិស្សថ្នាក់ទី ៩ ចំនួន៤១ នាក់ស្មើនឹង ១០០% បានប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក្នុងនោះមាននិទ្ទេសល្អ ចំនួន ០៧ នាក់ និទ្ទេសល្អបង្គរ ២០ នាក់ និងនិទ្ទេសមធ្យមមាន ១៤ នាក់ ។ លោកបន្តថា ចំពោះសិស្សថ្នាក់ទី ១២ …

សាលាសន្តហ្រ្វង់ស្វ័របានបើកបវេសនកាលឆ្នាំសិក្សាថ្មី Read More »

Subscribe to our newsletter

Don't miss new updates on your email