លោកអភិបាលជំរុញ គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ អ្នកក្រីក្រ អរិយធម៌ ធម្មជាតិនិងព្រះសហគមន៍
មុនរដូវអប់រំពិសេស ឬរដូវត្រណមខាងមុខនេះ លោកអភិបាល អូលីវីយេ បានជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់នូវបួនចំណុចសំខាន់ៗទាក់ទងទៅនឹង អ្នកក្រីក្រ អរិយធម៌ប្រពៃណីក្នុងប្រទេស ការថែរក្សាធនធានធម្មជាតិ និងការអភិវឌ្ឍព្រះសហគមន៍ក្នុងរបៀបថ្មីមួយ។ លោកអភិបាលមានប្រសាសន៍អំពីរឿងទំាងនេះនៅក្នុងធម្មទេសនា នៅព្រះសហគមន៍សន្តិសិលា ពោធិ៍ធំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយភ្ជាប់សារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ។ លោកអភិបាលមានប្រសាសន៍ថា «កុំឲ្យយើងមានសង្គមដែលបែងចែកមនុស្ស…ឲ្យសិទ្ធិមនុស្សមានស្មើគ្នាសម្រាប់មនុស្សទាំងអស់»។ លោកអភិបាលបន្ថែមថា ទោះបីព្រះសហគមន៍យើងតូចក៏ដោយ នៅពេលយើងលើកទឹកចិត្តជាមួយអ្នកក្រីក្រ ជាមួយកម្មករ ជាមួយអ្នកជំងឺ ជាមួយបងប្អូនដែលសង្គមមិនអើពើ យើងដឹងថានៅពេលនោះយើងចូលនៅក្នុងព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់។ មានន័យថា យើងបានធ្វើដំណើរជាមួយអ្នកក្រីក្រដើម្បីឲ្យមនុស្សទាំងអស់មានជីវិតថ្លៃថ្នូរ និងមានសិទ្ធិស្មើៗគ្នា «នេះជាសំឡេងដែលព្រះសហគមន៍អាចមាន»។ ក្នុងនោះដែរលោកអភិបាលបានជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតនៅក្នុងរដូវអប់រំពិសេសថ្ងៃខាងមុខនេះចំពោះអ្នកក្រីក្រ ដែលកំពុងអស់សង្ឃឹម និងបាត់បង់តម្លៃថ្លៃថ្នូរក្នុងជីវិត។ ក្នុងនោះដែរលោកអភិបាលបានរំលឹកថា ព្រះសហគមន៍នៅកម្ពុជា មិនមែនជាព្រះសហគមន៍របស់បរទេសទេ ប៉ុន្តែផ្ទុយទៅវិញ ព្រះសហគមន៍នេះភ្ជាប់ជីវិត អំណរសប្បាយ ទុក្ខលំបាក ប្រពៃណី វប្បធម៌ សាសនា របៀបដែលប្រជាជនកម្ពុជារស់នៅជាប្រចាំ «ដើម្បីឲ្យព្រះហឫទ័យរបស់ព្រះគ្រីស្តចូលនៅក្នុងទឹកដីរបស់យើងយ៉ាងជ្រៅ និងធ្វើដំណើរជាមួយបងប្អូនយ៉ាងពិតប្រាកដ»។ លោកអភិបាលបន្ថែមថា របៀបដែលយើងអធិដ្ឋាន របៀបដែលយើងបង្កើតទំនាក់ទំនង របៀបដែលយើងចូលនៅក្នុងបុណ្យប្រពៃណីនីមួយៗ… នេះជារបៀបដែលបង្ហាញថាយើងជាគ្រួសារតែមួយដែលចេះគោរពគ្នាទៅវិញទៅមក ដែលចេះទទួលប្រពៃណី អរិយធម៌ វប្បធម៌ ដ៏អស្ចារ្យដើម្បីចូលនៅក្នុងពន្លឺរបស់ព្រះគ្រីស្តផង។ …
លោកអភិបាលជំរុញ គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ អ្នកក្រីក្រ អរិយធម៌ ធម្មជាតិនិងព្រះសហគមន៍ Read More »