បូជាចារ្យភូមិភាគភ្នំពេញរិះគិតអំពីបញ្ហាប្រឈមរបស់ភូមិភាគ

អស់លោកបូជាចារ្យទាំងអស់ដែលបម្រើព្រះសហគមន៍នៅក្នុងភូមិភាគភ្នំពេញ បានចូលរួមនៅក្នុងអង្គប្រជុំអំពីរដូវរង់ចាំនាពេលខាងមុខនេះ ដែលដឹកនាំដោយលោក អូលីវីយេ ជ្មីតអីស្លែរ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ១៨ វិច្ឆិកា ២០២០ នៅព្រះវិហារសន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី។ ក្នុងអង្គប្រជុំនេះដែរ លោកអភិបាលបានរំឭកអំពីស្ថានភាពកូវីដ១៩ ដែលកំពុងរាលដាលក្នុងពិភពលោកយើងនេះ ក៏ដូចជាការប្រឈមរបស់ព្រះសហគមន៍នៅកម្ពុជាផងដែរ។ ក្នុងឱកាសនេះ លោកអភិបាលបានសូមឱ្យលោកបូជាចារ្យ រិះគិតរួមគ្នា អំពីស្ថានភាពកូវីដ១៩ នៅក្នុងសង្គម និងព្រះសហគមន៍បច្ចុប្បន្ននេះ អំពីការប្រឈមរបស់យុវជន និងអំពីមូលដ្ឋានគ្រឹះរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញ។ និយាយអំពីយុវជន លោកអភិបាលសូមឱ្យលោកបូជាចារ្យ ជួយយុវជនឱ្យអភិវឌ្ឍខ្លួន ព្រោះពួកគាត់ជាអ្នកប្រកាសដំណឹងល្អរួមជាមួយព្រះសហគមន៍។ លោកមានប្រសាសន៍ថា “យើងមិនអាចមានត្រឹមតែគ្រីស្តបរិស័ទដែលយើងមានស្រាប់ហើយ ប៉ុន្តែត្រូវការបន្ថែមទៀតដើម្បីឱ្យអ្នកទាំងអស់នោះចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់” ហើយឱ្យយុវជនដឹងថា ពួកគេមានតួនាទីមួយក្នុងព្រះសហគមន៍ ដើម្បីប្រកាសដំណឹងល្អ។ លោកមានប្រសាសន៍បន្តថា នេះជាការថែរក្សារបស់យើងនៅក្នុងព្រះកាយព្រះគ្រីស្តសម្រាប់ពិភពលោកដោយសារសម្ដេចប៉ាបដឹកនាំព្រះសហគមន៍ទាំងមូលនៅក្នុងធម៌មេត្តាករុណា។ ដូច្នេះសូមគិតបន្ថែមទៀតដល់មូលដ្ឋាននៃព្រះសហគមន៍របស់យើងនៅក្នុងភូមិភាគភ្នំពេញនិងគិតអំពីក្ដីសុបិន្តរបស់យើងបន្ថែមទៀតផងដែរ។ ក្រោយពីការរៀនគិតនេះ អស់លោកបូជាចារ្យទាំងអស់បានចែកគ្នាជាក្រុមតូចចំនួនបួនក្រុម ដើម្បីរិះគិតអំពីការជម្នះការប្រឈមរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញសព្វថ្ងៃ៕