ព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពន់ ផ្តល់គ្រឿងឧបភោគបរិភោគដល់សាលាសង្កាត់បឹងទំពុនទី២
តំណាងគ្រីស្តបរិស័ទព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុនបានផ្ដល់នូវគ្រឿងឧបភោគបរិភោគដល់សាលាសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ដែលជាការចូលរួមចំណែកជួយដល់អ្នកក្រីក្រដែលកំពុងតែខ្វះខាត និងក្រុមគ្រួសារដែលកំពុងធ្វើចត្តាឡឺស័ក។ ការនាំយកគ្រឿងឧបភោគបរិភោគនេះ ដឹកនាំដោយលោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ ដែលជាអ្នកទទួលបន្ទុកមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង តបតាមការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩។ អ្នកស្រី ឃុន បុប្ផា ចៅសង្កាត់រងបឹងទំពុនទី២ បានថ្លែងអំណរគុណជូនចំពោះ ព្រះសហគមន៍កាតូលិកព្រះកុមារយេស៊ូបឹងទំពន់ និងក្រុមការងារ ដែលបានឆ្លើយតបតាមការស្នើសុំរបស់សាលាសង្កាត់។ អ្នកស្រី បុប្ផា ក៏បានប្រកាសនូវការរក្សាចំណងមិត្តភាពរវាងព្រះសហគមន៍ជាមួយនឹងអាជ្ញាធរដែនដីដើម្បីជួយដល់ជនក្រីក្រនៅក្នុងតំបន់បឹងទំពុនទៅមុខទៀត។ លោកស្រីបានមានប្រសាសន៍នាពេលនោះថា ៖ «ទឹកចិត្តសប្បុរសធម៌នេះ សូមលោក លោកស្រី ទទួលបាននូវបុណ្យកុសល មានសេចក្តីសុខ សេចក្តីចំរើន ហើយអំណោយទាំងអស់នេះសាលាសង្កាត់បានរៀបចំចាត់ចែងភ្លាមដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត»។ លោកបូជាចារ្យដាមីញ៉ាំង បានឆ្លើយតបដោយស្នើទៅសាលាសង្កាត់សម្រាប់កិច្ចសហការក្នុងការជួយអ្នកក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លងសាហាវនេះ។ លោកមានប្រសាសន៍ថា ៖ «ព្រះសហគមន៍កាតូលិកព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន រីករាយនឹងសហការជាមួយអាជ្ញាធរ និងផ្ដល់ជូននូវកម្លាំង និងមធ្យោបាយក្នុងការដឹកជញ្ជូនប្រសិនបើអាជ្ញាធរត្រូវការ»។ គ្រឿងឧបភោគបរិភោគដែលព្រះសហគមន៍ព្រះកុមារយេស៊ូបានផ្តល់ជូននាពេលនោះមាន មីខ្លាឃ្មុំចំនួន៥០កេស , ត្រីខចំនួន ៥០យួរ, ទឹកដោះគោស្រស់ ៤កេស និងប្រេងឆាចំនួន ១០០ដប៕