ព្រះសហគមន៍កំពតជូនសម្ភារមួយចំនួនដល់គ្រួសារក្រីក្រ
គ្រួសារក្រីក្រ៣១គ្រួសារដែលកំពុងមានជីវភាពខ្វះខាតនិងរងទុក្ខលំបាក ក្នុងភូមិតារាជ ភូមិអូរ និងភូមិត្រពាំងស្គុន ទទួលសម្ភារមួយចំនួនពីព្រះសហគមន៍ជុំគីរី នៃមណ្ឌលសកម្មភាពកំពត ដែលរៀបចំដោយគណៈកម្មការសង្គហៈ និងដឹកនាំដោយលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាព តាវ៉ូឡា យ៉ាំងលូកា។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ៨ ឧសភា ២០២១ ក្នុងភូមិអូរ ស្រុកជុំគីរី ខេត្រកំពត ដែលនេះជាសកម្មភាពប្រចាំឆ្នាំរបស់ព្រះសហគមន៍។ លោកបូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា បានមានប្រសាសន៍ថា តាមពិតទៅព្រះសហគមន៍ ត្រូវចែកជូនពួកគាត់មុនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកម្ល៉េះ។ លោកបន្តថា ដោយសារបញ្ហាកូវីដ១៩រាតត្បាតខ្លាំង ព្រះសហគមន៍បានយកពេលវេលាដើម្បីប្រមូលជំនួយសម្រាប់អ្នកនៅភ្នំពេញ តាមការអំពាវនាវរបស់លោកអភិបាលព្រះសហគមន៍អូលីវីយ៉េ។ ហេតុនេះហើយទើបព្រះសហគមន៍ត្រូវពន្យាពេលចែកជូនពួកគាត់នៅពេលនេះ។ នៅក្នុងឱកាសនេះ លោក លូកា សង្ឃឹមថា គ្រីស្តបរិស័ទទាំងអស់អាចចូលរួមជាមួយគ្នា ដើម្បីលើកទឹកចិត្តដល់អ្នកដែលខ្វះខាត និងខ្វះភាពកក់ក្ដៅទាំងផ្លូវកាយនិងចិត្ត។ លោកបន្តថា សង្ឃឹមថាការចុះសួរសុខទុក្ខនេះ អាចជួយពួកគាត់រកឃើញពន្លឺមួយបន្ថែមទៀតក្នុងព្រះនាមព្រះយេស៊ូ។ ក្រុមគ្រួសារទាំង៣១នេះមកពីភូមិតារាជ ១០គ្រួសារ ភូមិត្រពាំងស្គុន៩គ្រួសារ និងភូមិអូរ១២គ្រួសារ។ ក្នុងនោះគ្រួសារនីមួយៗទទួលបានអង្ករចំនួន២០គីឡូក្រាម ត្រីខមួយយួរ ថ្នាំដុសធ្មេញ៣ដប សម្លៀកបំពាក់ នំ និងសម្ភារក្មេងលេង រួមទាំងទឹកប្រាក់មួយម៉ឺនរៀល៕ដាលីស