លោក​ អូលីវីយ៉េ បាននាំយកជំនួយ​ឧបត្ថម្ភ​ជាអង្ករចំនួន២តោន ម៉ាសចំនួន២ម៉ឺនម៉ាស និងឃីត ២០០កញ្ចប់ ជូនដល់រដ្ឋបាលក្រុងដូនកែវ​

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញដឹកនាំដោយលោក​ អូលីវីយ៉េ មីឆែល ម៉ារី ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ និងក្រុមការងារបាននាំយកជំនួយ​ឧបត្ថម្ភ​ជាអង្ករចំនួន២តោន ម៉ាសចំនួន២ម៉ឺនម៉ាស និងឃីត ២០០កញ្ចប់ ជូនដល់រដ្ឋបាលក្រុងដូនកែវ​សម្រាប់បែងចែកអំណោយទាំងនេះ​ទៅតាមមណ្ឌលចត្តាឡីស័កនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ។ ថ្លែងក្នុងជំនួបទទួលអំណោយជំនួយ​ឧបត្ថម្ភ​ពី​លោកអភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ​ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានសម្តែងនៅទឹកចិត្តសប្បាយចិត្តជាខ្លាំងចំពោះជំនួយឧបត្ថមដែលទទួលបាននេះ​ ព្រោះថាការជួយជាជំនួយពីព្រះសហគមន៍កាតូលិកកម្ពុជា គឺឋិតក្នុងកាលៈទេស័ក្តមួយដែលអាជ្ញាធរក្រុងកំពុងតែត្រូវការជាចាំបាច់ក្នុងការនាំយកអំណោយដែលទទួលបានពីខាងបងប្អូនសប្បុរសជន ក៏ដូចជាស្ថាប័នផ្សេងៗ យកចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលនីមួយនៅក្នុងក្រុងដូនកែវ​ ។ ជាមួយគ្នានេះផងដែរតាំងនាម​ឲរដ្ឋបាលក្រុងដូនកែវ​ សូមថ្លែងអំណរអរគុណដល់ ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ដែលនាំយកជំនួយនេះមកផ្តល់ដល់សាលាក្រុងដូនកែវ និងសូមជូនពរដល់លោក​ អូលីវីយ៉េ មីឆែល ម៉ារី ជ្មីតហស្លេ និងក្រុមការងាររបស់លោកជួបប្រទះតែសំណាងល្អ​។