ភូមិភាគភ្នំពេញ​ផ្អាក​អភិបូជា​បុណ្យ​ភ្ជុំ

លោកអភិបាលព្រះសហគមន៍កាតូលិកអូលីវីយ៉េ ជ្មិតហស្លេ បានសម្រេចឲ្យភូមិភាគភ្នំពេញដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់លោក ផ្អាកការប្រារព្ធពិធីបុណ្យអភិបូជាសម្រាប់បុណ្យភ្ជុំ ប៉ុន្តែនឹងរៀបចំកម្មវិធីនេះ តាមប្រតិទិនរបស់ព្រះសហគមន៍សកលវិញ។ ក្នុងលិខិតដែលចុះផ្សាយនៅថ្ងៃនេះ លោកអភិបាលអូលីវីយ៉េបានសរសេរថា ដោយសារស្ថានភាពជាក់ស្តែងនៅក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាពិសេសនៅរាជធានីភ្នំពេញ មណ្ឌលសកម្មភាពទន្លេបាសាក់ និងខេត្តតាកែវ អាជ្ញាធរមូលដ្ឋាន បានស្នើសុំឲ្យផ្អាកការជួបជុំក្នុងព្រះវិហារ។  ហើយយោងទៅតាមការស្នើសុំនេះ ព្រះសហគមន៍នឹងគ្មានអភិបូជា បុណ្យភ្ជុំបិណ្ឌ សម្រាប់មរណបុគ្គលទាំងឡាយនៅថ្ងៃទី ៦-៧ ខែតុលាឆ្នាំ ២០២១ ខាងមុខនេះទេ។  លិខិតដដែលនេះ បានបញ្ជាក់ថា ព្រះសហគមន៍នឹងប្រារព្ធបុណ្យនោះ តាមប្រតិទិនរបស់ព្រះសហគមន៍កាតូលិកសកល គឺនៅថ្ងៃទី១ ខែវិច្ឆិកា ធ្វើបុណ្យសម្រាប់សន្តបុគ្គលទាំងឡាយ និងថ្ងៃទី ២ ខែវិច្ឆិកា បុណ្យអភិបូជាសម្រាប់វិញ្ញាណក្ខន្ធមរណបុគ្គលទាំងឡាយ។ លោកអភិបាលអូលីវីយ៉េបានអនុញ្ញាតឲ្យព្រះសហគមន៍ អាចធ្វើបុណ្យនៅថ្ងៃទី៣១ ខែតុលានេះបានដែរ សម្រាប់វិញ្ញាណក្ខន្ធមរណបុគ្គល។ លោកអភិបាលក៏បានក្រើនរំលឹកដល់គ្រីស្តបរិស័ទទាំងអស់ឲ្យប្រើប្រាស់វិធានការបីកុំបីការពារឲ្យបានខ្ជាប់ខ្ជួនផងដែរ៕