ប្រសិទ្ធីពរលើប្រេងនៃព្រះសហគមន៍កាតូលិកកម្ពុជា
គ្រីស្តបរិស័ទកាតូលិកមកពីភូមិភាគភ្នំពេញ បាត់ដំបង និងកំពង់ចាមជាច្រើនរយនាក់ និងបូជាចារ្យកាតូលិកទាំងអស់ នៅកម្ពុជា បានប្រារព្ធអភិបូជាប្រសិទ្ធីពរលើប្រេងម្រាប់ព្រះសហគមន៍ទាំងអស់ឲ្យធ្វើជាសាក្សីនៃព្រះយេស៊ូ ដែលជាប្រពៃណីព្រះសហគមន៍កាតូលិក ក្រោមអធិបតីភាព លោកអភិបាលនៃព្រះសហគមន៍ទាំងបីភូមិភាគ រួមជាមួយអស់លោកបូជាចារ្យទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជា នាល្ងាចថ្ងៃទី៩ មេសា ២០១៩ នៅព្រះវិហារសន្តសិលា និសន្តប៉ូល ក្នុងមណ្ឌលសកម្មភាពភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី។ នៅពេលតំណាងគ្រីស្តបរិស័ទ និងជាតំណាងគណៈកម្មាធិការសំខាន់ទាំងបីមានគណៈកម្មការពិធីបុណ្យ គណៈកម្មការសង្គហៈ និងគណៈកម្មការអប់រំជំនឿ) នៅក្នុងព្រះសហគមន៍កាតូលិក បានហែថូប្រេងទាំងបីប្រភេទចូលមកក្នុងអង្គពិធី ដោយមានលោកអភិបាលនីមួយៗចាំទទួល និងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ទៅតាមប្រភេទនៃប្រេងដែលត្រូវប្រើស្របតាមប្រពៃណីនៃព្រះសហគមន៍កាតូលិកផងដែរ។ លោកអភិបាលអូលីវីយេ បានផ្លុំលើប្រេងទាំងនេះ ដើម្បីបញ្ជាក់ថាព្រះវិញ្ញាណដ៏វិសុទ្ធយាងមក និងអធិដ្ឋានដោយនឹកដល់អគ្គសញ្ញានានា នឹកដល់ឫទ្ធិបារមីនៃប្រេងពិសិដ្ឋនៅក្នុងសម្ពន្ធមេត្រីចាស់ នឹកដល់ព្រះយេស៊ូដែលបំពេញបេសកម្មសង្គ្រោះមនុស្សលោក ហើយទូលអង្វរព្រះជាម្ចាស់ដល់ព្រះសហគមន៍ ដើម្បីបន្តបេសកម្មតាមរយៈប្រេងពិសិដ្ឋនេះ ដើម្បីឲ្យមនុស្សលោកបានទទួលព្រះពរ និងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ដែលបានកើតជាថ្មីដោយអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញានានាដែលបានប្រើដោយប្រេងនេះ។ លោកអភិបាលទាំងបី រួមជាមួយអស់លោកបូជាចារ្យទាំងទ្រាបដៃលើប្រេង ទូលអង្វរព្រះជាម្ចាស់ និងដោយឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឲ្យប្រេងដែលលាយជាមួយគ្រឿងក្រអូបទាំងនេះ បានទៅជាអគ្គសញ្ញាបង្ហាញពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ និងសូមឲ្យប្រេងទាំងនេះពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីឲ្យអស់អ្នកដែលទទួលប្រេងនេះបានសេចក្តីសុខសាន្ត។ តាមប្រសាសន៍របស់លោកអភិបាលអូលីវីយេបានបញ្ជាក់ថា ប្រេងដែលបានធ្វើប្រសិទ្ធីពរនោះមានបីយ៉ាង គឺ៖ ១) ប្រេងសម្រាប់លាប ដើម្បីផ្តល់កម្លាំងឲ្យអ្នកជម្ងឺ ចាស់ជរា ជនពិការ និងអស់អ្នកដែលរងទុក្ខលំបាក។ ២) ប្រេងសម្រាប់អ្នករៀបចំខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក និងអស់អ្នកដែលមិនទាន់ស្គាល់ព្រះយេស៊ូ។ …