ម៉ារី ឃឹម ស៊ីយ៉ា ចូលជានូវីស ក្នុងក្រុមដូនជីកាមែល
នៅថ្ងៃទី០៩ ខែធ្នូ ព្រឹកមិញនេះ មានយុវនារីខ្មែរមួយរូបបានចូលជានូវីសក្នុងក្រុមដូនជីកាមែល ដែលមានលោកបូជាចារ្យកាង អ៊ីន ហ្គឺន យ៉ូសែបជាប្រធាននៃពិធីអភិបូជារួមជាមួយលោកបូជាចារ្យហ្វ្រង់ស្វ័រ សាវីយ៉េ ដឺម៉ុង ដោយមានអ្នកចូលរួមប្រមាណ២០នាក់ នៅអារាមបងស្រីកាមែលក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ លោកបូជាចារ្យកាង អ៊ីន ហ្គឺន យ៉ូសែប ជាបូជាចារ្យផ្លូវវិញ្ញាណរបស់នូវីសម៉ារី ឃឹម ស៊ីយ៉ា និងជាបព្វជិតក្រុមសហជីវិនព្រះយេស៊ូមានប្រសាសន៍នៅក្នុងធម្មទេសនា ដោយអរគុណឪពុកម្តាយដែលបានយល់ព្រមឲ្យកូនបានចូលរួមក្នុងអារាមបងស្រីកាមែលនេះ និងអរគុណបងស្រីទាំងអស់ដែលបានថែរក្សាស៊ីយ៉ា និងសូមអបអរសាទរចំពោះសមាជិកថ្មីនេះ។ លោកបូជាចារ្យបន្ថែមថា ការឆ្លើយចាសរបស់ស៊ីយ៉ាគឺសំខាន់ណាស់ ដូចព្រះនាងម៉ារី។ ព្រះនាងម៉ារី ត្រូវការភាពស្អាតបរិសុទ្ធដើម្បីទទួលព្រះយេស៊ូ។ «ស៊ីយ៉ា ឬម៉ារី ត្រូវរៀនអំពីឥរិយាបទរបស់ព្រះនាងម៉ារីក្នុងពេលធ្វើជានូវីស»។ នូវីសជាដំណាក់កាលចុងបញ្ចប់នៃវគ្គសិក្សាជាអ្នកបួសក្នុងក្រុមបព្វជិតា ដែលមានរយៈ២ឆ្នាំ។ ដំណើរការសិក្សាដើម្បីក្លាយជាអ្នកបួសផ្នែកនារី ឬជាបព្វជិតា មានរយៈពេល៤ឆ្នាំ ដោយឆ្លងកាត់នូវ៣ដំណាក់កាលសំខាន់ៗ គឺអាស្ពាយរ៉ាន់ (Aspirant) ដែលមានរយៈពេល១ឆ្នាំ បន្ទាប់មកគឺ ប៉ូស្ទូឡែន (Postulant)មានរយៈពេល១ឆ្នាំ និងនូវីស (Novitiate) មានរយៈពេល២ឆ្នាំ។ លោកបូជាចារ្យបន្តថា ក្នុងដំណើរជីវិតរបស់យើង យើងមិនបានជ្រើសរើសពីព្រះជាម្ចាស់ទេ គឺព្រះអង្គដែលរើសយើង។ លោកសង្កត់ធ្ងន់ថា «បងស្រីត្រូវធ្វើតាមព្រះជាម្ចាស់មិនមែនតាមចិត្តយើងទេ។ យើងសហការគ្នាដើម្បីជួយអ្នកដទៃ និងស្រឡាញ់អ្នកដទៃ។ ពេលនេះបងស្រីបានចូលរួមដំណើរដើម្បីបម្រើព្រះសហគមន៍។ សូមយើងអធិដ្ឋានដើម្បីព្រះសហគមន៍យើង តាមគំរូព្រះនាងម៉ារី»៕