ព្រះសហគមន៍គិរីវង់កសាងសសរតម្កល់ជួងថ្មី
លោកអូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញ ជាអធិបតីក្នុងពិធី អភិបូជា បញ្ចុះបឋមសិលា កសាងសសរតម្កល់ជួងថ្មី នៅព្រះវិហារព្រះត្រៃឯក នៃព្រះសហគមន៍កាតូលិកភូមិព្រៃជើង ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ តាមប្រពៃណីរបស់គ្រីស្តសាសនា គេប្រើជួង ដើម្បីហៅ ឬផ្តល់សញ្ញាដល់គ្រីស្តបរិស័ទទាំងអស់អំពីពេលវេលា ប្រារព្ធពិធីផ្សេងៗ ការអធិដ្ឋាន អភិបូជាជាដើម។ ពេលខ្លះការបន្លឺសំឡេងជួងក៏ជាមានជំនឿថាដេញវិញ្ញាណអាក្រក់ផងដែរ។ ពេលខ្លះប្រើវាយជួងក្នុងពេលប្រារព្ធពិធីបុណ្យដែរ ដើម្បីជាសញ្ញាអបអរសាទរ និងលើកតម្កើងព្រះជាម្ចាស់។ គ្រីស្តសាសនា បានប្រើជួងនៅក្នុងអំឡុងឆ្នាំ៤០០ នៃគ្រីស្តសករាជ ។ នៅឆ្នាំ ប្រមាណ ៦០២ មានការទទួលស្គាល់ និងអនុញ្ញាតពីសម្តេចប៉ាប ក្នុងការប្រើប្រាស់ជួង។ សតវត្សក្រោយៗមកក៏ពេញនិយមនៅអ៊ឺរ៉ុបខាងជើង ហើយបន្តមករហូតបច្ចុប្បន្ន។ នៅសម័យមុនសង្គ្រាមស៊ីវិល ព្រះវិហារកាតូលិកនៅកម្ពុជាទាំងអស់មានបំពាក់ជួង ដើម្បីងាយស្រួលក្នុងការប្រមូលគ្រីស្តបរិស័ទមកចូលរួមពិធីបុណ្យនៅព្រះវិហារ។ ព្រះវិហារទាំងនោះត្រូវបានបំផ្លាញចោលអស់ ជួងមួយចំនួនត្រូវគេឃើញដាក់តាំងនៅក្នុងសារមន្ទីរជាតិ។ ព្រះសហគមន៍រស់ឡើងវិញ ក្រោយសង្គ្រាម។ សព្វថ្ងៃនេះ មានមូលហេតុផ្សេងៗ ព្រះវិហារកាតូលិកនៅកម្ពុជាខ្លះ មិនទាន់មានបំពាក់ជួង។ ព្រះសហគមន៍គិរីវង់ ចាប់ផ្តើមនៅឆ្នាំ២០០៣ ខណៈដែលលោកបូជាចារ្យអូលីវីយេ បានទៅដល់ភូមិព្រៃជើង …