Day: September 10, 2020
ព្រះវិហារសន្តយ៉ូសែបផ្តល់អំណោយជូនសង្កាត់ទួលសង្កែទី១ សម្រាប់ផ្គត់ផ្គង់អ្នកខ្វះខាតក្នុងមូលដ្ឋាន
ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូចដែលដឹកនាំដោយ លោកបូជាចារ្យ រឿង ឆ័ត្រសិរី រួមជាមួយសមាជិកគណៈកម្មការសង្គហៈ បាននាំយកអំណោយមួយចំនួនជូនដល់សង្កាត់ទួលសង្កែទី១ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានលោកស្រី រាជ ផាវឿន ជាប្រធានក្រុមប្រឹក្សា ជាអ្នកទទួល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ។ ការផ្តល់ជូននូវសម្ភារៈទាំងអស់នេះដល់សង្កាត់ ក្នុងគោលបំណងដើម្បីជួយផ្គត់ផ្គង់ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់នេះដែលកំពុងតែជួបការខ្វះខាតក្នុងជីវភាព។ ក្នុងពិធីប្រគល់និងទទួលអំណោយនេះលោកស្រី រាជ ផាវឿន ចៅសង្កាត់និងលោកមេភូមិផ្សារតូច បានថ្លែងអំណរគុណដល់ព្រះសហគមន៍ ដែលតែងតែជួយដល់សកម្មភាពសង្គមរបស់សង្កាត់នេះ។ សង្កាត់ទួលសង្កែទី១នេះមាន ៦ភូមិនិងប្រជាពលរដ្ឋប្រមាណជា២ម៉ឺននាក់ ដែលប្រជាពលរដ្ឋមួយចំនួនកំពុងជួបការលំបាក ខ្វះខាត ដោយសាររងផលប៉ះពាល់ពីស្ថានភាពនៃការរីករាលដាលមេរោគឆ្លងកូវីដ១៩។ នាឱកាសនោះដែរ លោកបូជាចារ្យ ឆ័ត្រសិរី បានមានប្រសាសន៍ផងដែរថា អំណោយទាំងអស់ដែលព្រះសហគមន៍កាតូលិកប្រគល់ជូនសង្កាត់នាពេលនេះ គឺបានមកពីគ្រីស្តបរិស័ទ ដែលមានចិត្តសម្បុរសធម៌បានចូលរួមវិភាគទានក្នុងឱកាសបុណ្យកាន់បុណ្ឌ-ភ្ជុំបិណ្ឌនេះ។ លោកបូជាចារ្យបានបន្តថា ៖ «នៅថ្ងៃសៅរ៍ទី១២ ខែកញ្ញា ឆ្នាំ ២០២០ ខាងមុខនេះព្រះសហគមន៍ផ្សារតូចនឹងចែកអំណោយដោយផ្ទាល់ដល់បងប្អូនដែលខ្វះនៅព្រះវិហារសន្តយ៉ូសែបតែម្តង»។ កិច្ចការធម៌មេត្តារបស់គ្រីស្តបរិស័ទនេះ ជាឱកាសអង្វរព្រះជាម្ចាស់ ប្រទានការប្រោសប្រណី ដល់វិញ្ញាណក្ខ័ន្ធជីដូនជីតា ញាតិសណ្តានរបស់ពួកគាត់ ដែលបានចែកឋានទៅហើយនោះ បានក្តីសុខសាន្តរួមជាមួយព្រះអង្គ៕