លោកអភិបាលអូលីវិយេ ចូលគាល់សម្តេចព្រះសង្ឃរាជ ទេព វង្ស ដើម្បីសួរសុខទុក្ខនិងលើកកម្ពស់សុខដុមរមនាសាសនា
លោកអូលីវីយេ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ អមដោយសហការី នារសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១នេះ បានចូលគាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា នៅវត្តឧណ្ណាលោមរាជធានីភ្នំពេញ ដើម្បីសួរសុខទុក្ខ ថ្វាយព្រះពរឆ្នាំថ្មី និងលើកកម្ពស់សុខដុមរមនាសាសនានិងសន្តិភាព។ នៅក្នុងពិធីចូលគាល់សម្តេចព្រះសង្ឃរាជនេះ លោកអភិបាលបានទូលថ្វាយនូវសមាណចិត្ត សួរសុខទុក្ខអំពីព្រះរាជសុខភាព និងបានរំឭកឡើងវិញនូវសកម្មភាពរបស់សម្តេចព្រះសង្ឃរាជ ក្នុងកិច្ចការសន្ទនាអន្តរសាសនា ដែលបានយាងចូលរួមជំនួបសន្ទនាអន្តរសាសនាអន្តរជាតិ នៅទីក្រុងរ៉ូម ជួបផ្ទាល់ជាមួយសម្តេចប៉ាប រួមទាំងអំពីព្រះរាជតួនាទីជាប្រធាន ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជាផងដែរ។ លោកអភិបាលអូលីវីយេក៏បានរំលឹកផងដែរ អំពីព្រះទ័យយកចិត្តទុកដាក់របស់សម្តេចព្រះសង្ឃរាជដែលបានយាងចូលរួមក្នុងពិធីតែងតាំងលោកជាអភិបាលក្នុងឆ្នាំ២០១០កន្លងទៅ។ ព្រមទាំងព្រះរាជសកម្មភាពជាច្រើនទៀតដែលសម្តេចព្រះសង្ឃរាជយាងចូលរួមនិងបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ដើម្បីកសាងសេចក្តីសុខនិងសុខដុមរមនា រវាងសាសនានិងសាសនា។ លោកមានប្រសាសន៍ថា៖ «នៅប្រទេសកម្ពុជា យើងចេះគោរពគ្នាក្នុងសាសនា ភាពសុខដុមរមនានៅកម្ពុជាកើតចេញលើសពីទំនាក់ទំនងរវាងសាសនានិងសាសនា»។ ក្រៅពីនេះលោកអភិបាលអូលីវិយេក៏បានទូលថ្វាយសម្តេចព្រះសង្ឃរាជអំពីស្នាដៃរបស់ព្រះសហគមន៍កាតូលិកកម្ពុជាក្នុងសម័យកូវីដ១៩នេះ។ ជាពិសេសរូបលោកផ្ទាល់បានបំពេញកិច្ចការយ៉ាងជិតស្និទ្ធិជាមួយវត្តព្រះពុទ្ធសាសនា ដោយបានកសាងរោងកសិដ្ឋានដាំបន្លែសម្រាប់ព្រះសង្ឃក្នុងវត្ត ដើម្បីមានចង្ហាន់គ្រប់គ្រាន់ និងសមិទ្ធិផលផ្សេងៗជាច្រើនទៀត ដើម្បីបុព្វហេតុសុខដុមរមនាសាសនាក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងមូលដ្ឋានផ្ទាល់។ លោកធ្លាប់បានលើកឡើងថា ៖ «កិច្ចសន្ទនាសាសនា គឺមិនត្រឹមតែទ្រឹស្តីនៃការជួបរវាងអ្នកដឹកនាំទេ តែត្រូវឲ្យមានសកម្មភាពចូលរួមជាក់ស្តែងពីបរិស័ទទាំងអស់នៃសាសនានីមួយៗផងដែរ»។ ជាពិសេសនោះ លោកអភិបាលក៏បានទូលថ្វាយអំពីគោលបំណងសំខាន់ដែលចូលគាល់នាពេលនេះគឺដើម្បីសួរសុខទុក្ខ ព្រោះលោកបានទទួលដំណឹងអំពីព្រះរាជសុខភាពរបស់សម្តេចព្រះសង្ឃរាជមានភាពចុះខ្សោយ។ លោកអភិបាលបានទូលថា៖ «ថ្ងៃនេះជាឱកាសសួរសុខទុក្ខ ដោយសាសម្តេចមានព្រះសុខភាពខ្សោយ នេះជារបៀបសន្ទនាសាសនានិងសាសនា។ យើងបន្តអធិដ្ឋាននិងទូលអង្វរព្រះជាម្ចាស់សូមព្រះអង្គប្រទានឱ្យសម្តេចមានកំលាំងកាយ …