Month: March 2021

បេក្ខជន១២នាក់នៃមណ្ឌលសកម្មភាពទន្លេមេគង្គទទួលពិធីជម្រះចិត្តគំនិតលើកទីពីរ

បេក្ខជន១២នាក់នៃមណ្ឌលសកម្មភាពទន្លេមេគង្គទទួលពិធីជម្រះចិត្តគំនិតលើកទីពីរ ដែលជាពិធីមួយនៅក្នុងប្រពៃណីព្រះសហគមន៍កាតូលិក មុននឹងបេក្ខជនទទួលពិធីជ្រមុជទឹកនាថ្ងៃបុណ្យចម្លងខាងមុខ។  ពិធីនេះធ្វើនៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ ដែលណែនាំដោយលោក វីរៈជ័យស្រ៊ីប្រាម៉ុង ជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេមេគង្គ ដោយបានប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។ តាមប្រសាសន៍លោកបូជាចារ្យវីរៈជ័យ បានឱ្យដឹងថា ពិធីជម្រះចិត្តលើកទីពីរនេះ ព្រះសហគមន៍អាចហៅម្យ៉ាងទៀតបានថា «ពិធីអេប្បាថា» គឺជាពិធីបើកឡើង និងអត្ថបទព្រះគម្ពីរដែលព្រះសហគមន៍បានប្រើកាលពីថ្ងៃអាទិត្យគឺ ព្រះយេស៊ូបានប្រោសមនុស្សខ្វាក់ម្នាក់ឱ្យបានជា។ លោកបញ្ជាក់ថា៖ «នៅក្នុងពិធីព្រះសហគមន៍សូមឱ្យបេក្ខជនបើកដួងចិត្តទទួលសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់»។  លោកបន្តថា ពួកគាត់ស្រឡាញ់ព្រះជាម្ចាស់ គាត់នឹងអាចស្រឡាញ់អ្នកដទៃ ចេះលើកលែងទោសឱ្យអ្នកដទៃ ទោះបីពីមុនគាត់មិនសូវចាប់អារម្មណ៍លើអ្នកជិតខាង អ្នកក្រីក្រ ប៉ុន្តែតាំងពីថ្ងៃនេះតទៅភ្នែករបស់គាត់ចាប់ផ្ដើមបើកឡើងវិញ ដើម្បីមើលឃើញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។  ឆ្លៀតក្នុងឱកាសនេះ គង្វាលព្រះសហគមន៍រូបនេះ ក៏សំណូមពរដល់បេក្ខជន និងគ្រីស្តបរិស័ទទាំងអស់ ដែលបានខិតខំមករៀន និងចូលរួមពិធីផ្សេងៗ នៅពេលដែលទទួលបានពិធីជ្រមុជទឹករួចហើយ សូមកុំបាត់ខ្លួន។  លោកបន្តថា ៖ «ជីវិតរបស់យើងពេលក្លាយជាគ្រីស្តបរិស័ទហើយ ត្រូវតែធ្វើដំណើររួមជាមួយគ្នាដើរទៅមុខទៀត និងចេះសម្ដែងសេចក្ដីស្រឡាញ់ទៅអ្នកដទៃដោយចេះជួយគ្នាទៅវិញទៅមក ជួយអ្នកដទៃ ទោះបីយើងស្ថិតនៅក្នុងសភាពការណ៍ពេលនេះយើងមិនអាចជួបជុំគ្នាបាននេះមែន ប៉ុន្តែយើងខិតខំអង្វរព្រះជាម្ចាស់សម្រាប់យើងទាំងអស់គ្នា»។  បន្ទាប់ពីធម្មទេសនារួច លោកបូជាចារ្យ បានគូសសញ្ញាឈើឆ្កាងនៅលើភ្នែក ត្រចៀក បបូរមាត់ ដើមទ្រូង និងបាតដៃរបស់បេក្ខជនដោយទូលអង្វរសូមព្រះជាម្ចាស់បើកភ្នែក បើកត្រចៀក និងចិត្តគំនិតដល់បេក្ខជនទាំងនោះ៕

Subscribe to our newsletter

Don't miss new updates on your email