ពលរដ្ឋប្រមាណ១០០គ្រួសារក្នុងភូមិជ្រៃធំ ស្រុកកោះធំ ទទួលបានអំណយរបស់អភិបាលភូមិភាគភ្នំពេញ
អំណោយជាគ្រឿងឧបភោគបរិភោគរបស់លោកអភិបាល អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រគល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលកំពុងរស់នៅកន្លែងដែលត្រូវបានហាមចេញចូលដោយសារបារម្ភពីការប៉ះពាល់នឹងអ្នកមានវីរុសកូវីដ១៩។ ការចែកជូននូវគ្រឿងបរិភោគ តាមរយៈអង្គការការីតាសកម្ពុជា សហការជាមួយនឹងព្រះសហគមន៍ជ្រៃធំ ព្រះវិហារសន្តយ៉ូសែប ក្នុងស្រុកកោះធំ ខេត្តកណ្តាល ទៅដល់ប្រជាពលរដ្ឋចំនួនប្រមាណ១០០គ្រួសារដែលស្ថិតនៅក្នុងកន្លែងហាមឃាត់ចេញក្រៅភូមិ ដោយបញ្ហាកូវីដ ១៩ នាពេលកន្លងមកនេះ។ គ្រួសារក្រីក្រមួយគ្រួសារដែលស្ថិតនៅកន្លែងហាមឃាត់ និងបាត់បង់ការងារ៣សប្ដាហ៍មកហើយ ប្រកាសថ្លែងអំណរគុណទាំងអំណរសប្បាយ ក្រោយពេលដែល ក្រុមសង្គហៈព្រះសហគមន៍បានយកអំណោយទៅចែកជូនដល់លំនៅឋាន។ គ្រឿងឧបភោគបរិភោគដែលត្រូវបានផ្តល់ដោយលោកអភិបាលអូលីវីយ៉េមាន ទឹកត្រី អង្ករ មី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង។ តាមការបញ្ជាក់របស់បងស្រី ម៉ាថា ជាដូនជីកាតូលិក និងជាតំណាងគណៈកម្មការព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេបាសាក់ បានថ្លែងអំណរគុណដល់លោកអភិបាលអូលីវីយ៉េ ក្នុងនាមតំណាងឱ្យព្រះសហគមន៍ជ្រៃធំ ដែលតែងតែយកចិត្តទុកដាក់ នឹកនាដល់កូនចៅនៅទីនេះ។ បងស្រីបន្តថា៖ «ពួកកូនមិនដឹងយកពាក្យអ្វីមកអរគុណលោកអភិបាលទេ ប៉ុន្តែពួកកូនសូមអង្វរព្រះជាម្ចាស់សូមថែរក្សាការពារលោកអភិបាលឱ្យមានសុភាពល្អ និងអំណរសប្បាយ»។ ដោយមានអ្នកវិជ្ជមានជំងឺកូវីដ១៩នៅតំបន់ជ្រៃធំ អាជ្ញាធរបានសម្រេចបិទការចេញចូល និងដាក់តំបន់នោះជាតំបន់ហាមឃាត់កាលពីសប្ដាហ៍មុន។ ស្ថិតនៅក្នុងស្ថានភាពបែបនេះ លោកអភិបាលអូលីវីយ៉េ បានសម្រេចជូននូវគ្រឿងបរិភោគដល់ប្រជាជនក្រីក្រ និងចាស់ជរា។ អំណោយទាំងនោះបានទៅដល់ព្រះសហគមន៍ជ្រៃធំ កាលពីថ្ងៃទី១៦ មីនា ២០២១កន្លងទៅនេះ និងបានចែកជូនជនក្រីក្រ ចាស់ជរា ដែលស្ថិតនៅក្នុងតំបន់ហាមឃាត់ក្នុងមួយថ្ងៃ២០គ្រួសារគិតចាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១មក៕