លោកអភិបាលអូលីវីយ៉េអំពាវនាវឱ្យគ្រីស្តបរិស័ទសូត្រផ្គាំព្រះមាលា
លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ បានអំពាវនាវឱ្យគ្រីស្តបរិស័ទនៅភូមិភាគភ្នំពេញទាំងមូលរួបរួមគ្នាអធិដ្ឋានផ្គាំព្រះមាលា ជាមួយក្រុមគ្រួសារសាឡេស៊ានដុនបូស្កូ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីអធិដ្ឋានសម្រាប់ប្រទេសភូមាដែលកំពុងរងទុក្ខលំបាកយ៉ាងខ្លាំង។ លោកអភិបាលថា ការអធិដ្ឋានដោយទូលអង្វរព្រះជាម្ចាស់បំភ្លឺអ្នកដឹកនាំប្រទេសភូមា អាចរកឃើញសេចក្ដីសុខសាន្តដ៏ពិតប្រាកដ។ នៅក្នុងសេចក្ដីអំពាវនាវនេះដែរ លោកអូលីវីយ៉េបានណែនាំថា ៖ «យើងអធិដ្ឋានសម្រាប់ព្រះសហគមន៍នៅប្រទេសភូមាដែលខិតខំធ្វើដំណើររួមជាមួយប្រជាជន ឱ្យប្រជាជនមានជីវិតហើយជាជីវិតដ៏បរិបូរណ៌ដែលបានមកពីព្រះយេស៊ូផ្ទាល់»។ នៅក្នុងឱកាសស្នើឱ្យគ្រីស្តបរិស័ទអធិដ្ឋានផ្គាំព្រះមាលានេះដែរ យុវជន សាខន ស៊ីម៉ូន បាននិយាយថា ការអធិដ្ឋានផ្គាំព្រះមាលា គឺជាវិធីមួយដែលលោកចូលចិត្ត ព្រោះការធិដ្ឋានតាមរបៀបនេះនឹងជួយសម្រួលក៏ដូចជាជួយផ្សះផ្សារផ្លូវចិត្ត។ លោក ស៊ីម៉ូនបន្តថា ៖ «សព្វថ្ងៃយើងដឹងហើយថាប្រជាជនភូមាត្រូវបានពួកយោធាសម្លាប់រាប់រយនាក់ ដូច្នេះការអធិដ្ឋាននេះសង្ឃឹមថាជួយឱ្យថ្នាក់ដឹកនាំភូមាមានការកែប្រែចិត្ត»។ គ្រីស្តបរិស័ទមកពីខេត្តមណ្ឌលគីរីរូបនេះ បានបន្ថែមថា ក្នុងនាមជាគ្រីស្តបរិស័ទលោកមិនអាចទ្រាំមើលទង្វើរបស់រដ្ឋាភិបាលភូមាដែលធ្វើឱ្យមានមនុស្សស្លាប់ ហើយដូចការមើលឃើញរបស់យើង ព្រះនាងម៉ារី ជាមាតានៃសន្តិភាព ដូច្នេះការអធិដ្ឋានផ្គាំក៏ជាវិធីមួយទូលសូមសន្តិភាពដែរ។ យុវជនស៊ីម៉ូន បានបញ្ជាក់ថា ៖ «ក្រៅពីការអង្វរសូមសន្តិភាពសម្រាប់ភូមា ការអធិដ្ឋានផ្គាំដោយសូត្រធម៌ព្រះនាងម៉ារីដដែលៗច្រើនលើកច្រើនសារ គឺបង្រៀនឱ្យខ្ញុំចេះអត់ធ្មត់ថែមទៀតដែលធ្វើឱ្យចិត្តយើងស្ងប់ដូចធ្វើសម្មាធិដែរ»។ ព្រះសហគមន៍ភូមិភាគភ្នំពេញ តែងតែយកចិត្តទុកដាក់ចំពោះស្ថានភាពនានាដែលបានកើតមានឡើងចំពោះសង្គម ព្រះសហគមន៍ ក៏ដូចជាពិភពលោកទាំងមូល ជាពិសេសចំពោះអ្នកតូចតាច។ ជាពិសេសក្នុងស្ថានភាពបច្ចុប្បនេះដែលប្រជាជន ក៏ដូចជាព្រះសហគមន៍នៅប្រទេសភូមាកំពុងជួបនូវទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរ៕