អន្តរសាសនា ជាផ្លូវមួយនៃសន្តិភាព
“សកម្មភាពអន្តរសាសនា ជាផ្លូវមួយយ៉ាងពិសេសដើម្បីកសាងសន្តិភាព និងសុខដុមរមនានៅក្នុងសង្គម” នេះជារបាយការណ៍ស្តីអំពីសកម្មភាពអន្តរសាសនាក្នុងភូមិភាគភ្នំពេញ ដែលបានចេញផ្សាយនាថ្ងៃទី៧ មេសា ២០២០នេះ។ យោងតាមរបាយការណ៍ បានសរសេរថា សុខដុមរមនា សុខសន្តិភាព កិច្ចសន្ទនា ការចែករំលែកគុណតម្លៃនៃជីវិតខាងផ្លូវវិញ្ញាណ គឺជាបេសកកម្មរបស់យើងជាសាសនទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងនោះផងដែរ ព្រះសហគមន៍កាតូលិកទទួលបានបែបបទនៃការសន្ទនាចំនួន៤ប្រភេទគឺ កិច្ចសន្ទនាតាមរយៈជីវិត កិច្ចសន្ទនាតាមរយៈសកម្មភាព កិច្ចសន្ទនានៃការផ្លាស់ប្ដូរទេវវិទ្យា និងកិច្ចសន្ទនានៃការផ្លាស់ប្ដូរបទពិសោធសាសនា។ នៅក្នុងកិច្ចសន្ទនាតាមរយៈជីវិតគឺសំដៅដល់វិស័យអប់រំ ដែលផ្តោតលើភាតរភាព និងបរិយាបន្នអប់រំ ដែលមានសាលាមត្តេយ្យចំនួន២៧ សាលាបឋមសិក្សាចំនួន២ វិទ្យាល័យចំណេះទូទៅ១ វិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេសចំនួន១ និងវិទ្យាស្ថានចំនួន១ បានផ្ដល់ឱកាសពិសេសដើម្បធ្វើការ និងរៀនសូត្ររួមជាមួយគ្នា ទាំងពុទ្ធបរិស័ទ និងគ្រីស្តបរិស័ទកាតូលិក។ ជាមួយគ្នានេះ ព្រះសហគមន៍កាតូលិកបានបង្កើតភូមិសុខសាន្ត ដែលក្នុងនោះមានមណ្ឌលថែរក្សាកុមារដែលមានពិការភាព មជ្ឈមណ្ឌលសិប្បកម្មដែលមានជនមានពិការភាព ក្រុមគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាដែលក្រុមគ្រួសារបោះបង់ចោល មានទាំងគ្រីស្តបរិស័ទកាតូលិក មានទាំងពុទ្ធសាសនិក។ ម្យ៉ាងវិញទៀត កិច្ចសន្ទនាតាមរយៈសកម្មភាព ដែលសាសនាធំៗចំនួន៣តែងធ្វើរួមគ្នា នៅក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូតនៅតាមពន្ធនាគារនានា ការជួបជុំជាមួយអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ ការចុះសួរសុខទុក្ខគ្នាទៅវិញទៅមករវាងព្រះសហគមន៍និងវត្តនៃព្រះពុទ្ធសាសនា និងឥស្លាមសាសនាជាដើម ញ៉ាំងឲ្យមាន«បទពិសោធល្អខាងស្មារតី និងក្នុងសាមគ្គីភាពជាក់ស្តែង»រវាងគ្នានិងគ្នា និងបង្កើតឲ្យមានសន្តិភាព និង សុខដុមរមនានៅក្នុងសង្គមកម្ពុជារបស់យើងសព្វថ្ងៃ។ របាយការណ៍ដដែលនោះ បន្ថែមទៀតថា …