៣៥០គ្រួសារនៅជ្រោយអំពិលទទួលគ្រឿងបរិភោគ
ប្រជាជនក្រីក្រ៣៥០គ្រួសារនៅភូមិជ្រោយអំពិល ទទួលគ្រឿងបរិភោគពីអាជីវករមួយក្រុម ដឹកនាំដោយលោក ហ្វាម យ៉ាំងយ៉ុង ដោយសហការជាមួយព្រះសហគមន៍ចំប៉ា ដើម្បីសម្រួលដល់ជីវភាពរស់នៅមួយរយៈខ្លីក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ កិច្ចការមនុស្សធម៌នេះបានធ្វើឡើងនាព្រឹកថ្ងៃទី ១២ ឧសភា ២០២១ នៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ (ចំប៉ា) ក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ តាមប្រសាសន៍របស់លោកបូជាចារ្យ វីរៈជ័យ ស្រ៊ីប្រាម៉ុង ទទួលខុសត្រូវព្រះសហគមន៍ចំប៉ា នៃមណ្ឌលសកម្មភាពទន្លេមេគង្គ និងជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីចែកអំណោយនេះមានប្រសាសន៍ថា ព្រះសហគមន៍ចំប៉ាមានអំណរសប្បាយដោយ មានសប្បុរសជនមួយក្រុមដែលជាអ្នកធ្វើជំនួញនៅក្រុងភ្នំពេញមកចែកអំណោយដល់ប្រជាជនអ្នកក្រីក្រ និងរងគ្រោះដោយសារជំងឺកូវីដ១៩។ លោកបន្តថា «តាមការសង្កេតរបស់ខ្ញុំ ចំពោះសង្គមបច្ចុប្បន្ននេះ ខ្ញុំមើលឃើញថា មានមនុស្សជាច្រើនបានប្រមូលគ្នាជាគ្រួសារតែមួយ ដើម្បីជួយដល់មនុស្សដែលរង់ចាំជំនួយ ដោយមិនរង់ចាំតែពីរាជរដ្ឋាភិបាលប៉ុណ្ណោះទេ»។ លោកបញ្ជាក់ថា គេនាំជំនួយដោយមិនប្រកាន់លើសាសនា និងជនជាតិទេ។ នេះជាអំណរសប្បាយមួយដែលព្រះជាម្ចាស់ប្រទានឱ្យយើង តាមរយៈការចេះជួយគ្នាទៅវិញទៅមក ក្នុងឱកាសដែលយើងមានទុក្ខលំបាក។ អំណោយដែលប្រជាជនទាំង៣៥០គ្រួសារទទួលបានមាន អង្ករ១០គីឡូក្រាម និងមី២០កញ្ចប់ក្នុងមួយគ្រួសារ៕