ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបង្កើតយុទ្ធនាការសម្រាប់ទិវាកុមារអន្តរជាតិពេញមួយខែមិថុនា នេះ
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញគ្រោងនឹងរៀបចំយុទ្ធនាការទិវាសិទ្ធិកុមារអន្តរជាតិ នាថ្ងៃអាទិត្យខាងមុខនេះ។ យុទ្ធនាការនេះ ខុសប្លែកពីព្រឹត្តិការណ៍ដែលធ្លាប់តែធ្វើឡើងជារៀងរាល់ឆ្នាំ ដោយសារតែប្រទេសកម្ពុជាក៏ដូចជាពិភពលោកកំពុងជួបនឹងបញ្ហាការរីករាលដាលនៃវីរុសកូវីដ-១៩។ ព្រះសហគមន៍ភូមិភាគភ្នំពេញ ដែលដឹកនាំដោយការិយាល័យយុវជនជំទង់ និងកុមារ ចាប់ផ្តើមរៀបចំយុទ្ធនាការ១មិថុនាស្ដីពីសិទ្ធិកុមារអន្តរជាតិ ចំពោះកុមារដែលមានអាយុចាប់ពី៥ឆ្នាំដល់១៣ឆ្នាំ រយៈពេលជិតមួយខែ ដោយគិតចាប់ពីថ្ងៃអាទិត្យសប្ដាហ៍ទីមួយនៃខែមិថុនានេះ រហូតដល់ថ្ងៃអាទិត្យចុងខែមិថុនា ឆ្នាំ២០២១នេះ។ យុទ្ធនាការនេះនឹងធ្វើដោយមេក្រុមកាយឫទ្ធិនៅតាមតំបន់រៀងៗខ្លួន តាមរយៈការចុះទៅសួរសុខទុក្ខ និងអប់រំតាមផ្ទះកុមារផ្ទាល់។ លោក ស៊ាន់ សារឿន ប្រធានការិយាល័យយុវជនជំទង់ និងកុមារ បានឱ្យដឹងថា ឆ្នាំនេះការិយាល័យលោកបានរៀបចំយុទ្ធនាការ ដោយមានសម្ភារៈអប់រំដល់កុមារឱ្យមានការយល់ដឹងពីសិទ្ធិ និងសេរីភាពរបស់ខ្លួននៅក្នុងសង្គម។ លោកថា ៖ «ក្នុងរយៈពេល៤សប្ដាហ៍នេះ តាមរយៈមេកាយឫទ្ធិនឹងទៅអប់រំកុមារកាយឫទ្ធិតាមផ្ទះជារៀងរាល់ថ្ងៃ ដើម្បីលើកទឹកចិត្តកុមារ ព្រមទាំងចែកកញ្ចប់អនុស្សាវរីយ៍ដល់កុមារផងដែរ ដោយពួកគាត់ប្រកាន់ខ្ជាប់នូវការអនុវត្តន៍ជានិច្ចតាមវិធានសុខាភិបាល»។ លោកសារឿន បានបន្ថែមថា គោលបំណងរបស់ព្រះសហគមន៍ គឺធ្វើឡើងដើម្បីធ្វើយ៉ាងណាជួយឱ្យកុមារយល់ពីតម្លៃ និងសិទ្ធិធំៗរបស់ពួកគាត់ទាំង៤ច្បាស់ ព្រមទាំងឱ្យកុមារទទួលបានអំណរសប្បាយតាមរយៈការបង្កើតកម្មវិធីនេះផងដែរ ជាពិសេសចង់បង្ហាញពីការយកចិត្តទុកដាក់ពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញចំពោះកុមារ។ ប្រធានការិយាល័យយុវជនជំទង់ និងកុមាររូបនេះ បានឱ្យដឹងទៀតថា ៖ «អ្វីដែលសំខាន់ជាងនេះគឺចង់បញ្ជ្រាបកុមារឱ្យយល់ដឹងអំពីការអប់រំរបស់លោកអភិបាលអូលីវីយ៉េ នៅក្នុងបរិបទកូវីដ-១៩នេះដោយផ្ដោតសំខាន់លើ៣ថែរក្សាគឺ ការទទួលខុសត្រូវ សាមគ្គីភាព និងអធិដ្ឋាន»។ លោកបន្តថា ព្រះសហគមន៍នឹងអប់រំ កុមារឱ្យដឹងថា ក្នុងនាមជាកុមារត្រូវធ្វើអ្វីខ្លះនៅក្នុង៣ថែរក្សានេះ ជាពិសេសសម្រាប់កុមារដែលនៅក្នុងគ្រួសារកាតូលិក ត្រូវចូលរួមអធិដ្ឋានជាមួយនឹងឪពុកម្ដាយ …