ទារក៨នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក
លោកបូជាចារ្យវីរៈជ័យ ស្រ៊ីប្រាម៉ុង បានរៀបចំពិធីជ្រមុជទឹកដល់ទារក៨នាក់ នៅព្រះវិហារគង្វាលដ៏សប្បុរស(ព្រះសហគមន៍រោងចក្រ) ក្នុងភូមិដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី ៥ កញ្ញា ២០២១នេះ។ នៅក្នុងឱកាសនេះដែរ លោកបូជាចារ្យវីរៈជ័យ ស្រ៊ីប្រាម៉ុង ជាអ្នកទទួលខុសត្រូវមណ្ឌលសកម្មភាពទន្លេមេគង្គដែលក្នុងនោះមានព្រះសហគមន៍រោងចក្រនេះ រំលឹកឪពុកម្ដាយធម៌ឲ្យអប់រំកូនៗ ទាំងចំណេះដឹងទូទៅ ជំនឿ និងរបៀបថែរក្សាពួកគេក្រោយពីទទួលអគ្គសញ្ញាជ្រមុជទឹករួច។ លោកបូជាចារ្យបានបង្ហាញអំពីកាយវិកាខ្លះៗដែលមានអត្ថន័យ សម្រាប់អគ្គសញ្ញាជ្រមុជទឹកនេះ គឺបូជាចារ្យ ឪពុកម្តាយ និងឪពុកម្តាយធម៌ គូសសញ្ញាឈើឆ្កាងលើកុមារៗ គឺបង្ហាញអំពីតួនាទីណែនាំកុមារឱ្យស្គាល់ព្រះយេស៊ូ។ ការចាក់ទឹកបង្ហូលើក្បាលកុមារ ដែលមានឪពុកម្តាយ និងឪពុកម្តាយធម៌នៅក្បែរ គឺជាសញ្ញាបង្ហាញថាពួកគាត់ត្រូវទទួលរក្សាកូនទាំងរូបកាយ និងវិញ្ញាណ។ រីឯការបំពាក់អាវថ្មីពណ៌ស ដែលជូនឱ្យឪពុកម្ដាយធម៌ពាក់ឱ្យកូន ជានិមិត្តសញ្ញានៃការបំពាក់ព្រះយេស៊ូ គឺបំពាក់ជីវិតថ្មីដល់កូន គឺត្រូវណែនាំកូនឱ្យយល់ និងទទួលព្រះយេស៊ូនៅក្នុងរូបកាយគេ។ លោកបូជាចារ្យបន្ថែមទៀតថា ពេលឪពុកម្ដាយធម៌កាន់ទៀនឱ្យកូនធម៌ គឺណែនាំពន្លឺព្រះយេស៊ូឱ្យពួកគេ។ ឪពុកម្ដាយធម៌ត្រូវធ្វើជាគំរូឱ្យកូន ជាពន្លឺជីវិតដែលបំភ្លឺកូនធម៌ក្នុងជីវិតជាគ្រីស្តបរិស័ទ។ គង្វាលព្រះសហគមន៍រូបនេះឲ្យដឹងទៀតថា នៅព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេមេគង្គ គ្រីស្តបរិស័ទមានទម្លាប់មួយ គឺនៅក្នុងឱកាសបុណ្យចូលឆ្នាំ កូនៗត្រូវមកផ្ទះគោរពឪពុកម្ដាយនិងឪពុកម្ដាយធម៌ ទោះបីជាកូនធំ ហើយទៅរស់នៅដល់ទីណា ធ្វើការនៅទីណាក៏ដោយ គឺពួកគេមិនដែលភ្លេចទំនាក់ទំនងកូនធម៌ និងឪពុកម្ដាយធម៌នោះទេ។ …