គ្រូអប់រំជំនឿភ្នំពេញខាងជើងរិះគិតរួមគ្នារបៀបបញ្ជូនបន្តជំនឿ
គ្រូអប់រំជំនឿនៃព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង១៨នាក់ ចូលរួមសំណាក់ធម៌ ដើម្បីពង្រឹងជីវិតខាងផ្លូវវិញ្ញាណ និង ចិត្តវិទ្យាជាគ្រូណែនាំបន្តជំនឿឱ្យប្អូនៗកុមារតូចៗ និង មនុស្សពេញវ័យ ក្រោមការណែនាំដោយលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងជើង ប៉ូល រឿងឆ័ត្រសិរី និងបងស្រី សុភក្រ្តា សូផុន។ កម្មវិធីសំណាក់ធម៌នេះធ្វើឡើងនៅព្រះវិហារសន្តសិលា ពោធិ៍ធំ នាថ្ងៃទី៩ វិច្ឆិកា ២០២១នេះ។ កម្មវិធីសំណាក់ធម៌នេះធ្វើឡើងតែមួយថ្ងៃ ដោយរិះគិតលើប្រធានបទសន្និបាតឆ្នាំ២០២១-២០២៣ ដោយលើកយកព្រះបន្ទូលនៅក្នុងសន្និបាត តាមរយៈរឿង លោកសិលាចួបនាយទាហានរ៉ូម៉ាំង ក្នុងកិច្ចការគ្រីស្តទូត ជំពូក ១០។ នៅក្នុងកម្មវិធីសំណាក់ធម៌នេះលោកបូជាចារ្យទទួលបន្ទុកមណ្ឌលសកម្មភាព ឆ័ត្រសិរី មានប្រសាសន៍ដោយបញ្ជាក់អំពីតួនាទីព្យាការីរបស់យើង ជាអ្នកប្រកាសដំណឹងល្អ យើងជាសាសនទូត។ ក្រុមគ្រូអប់រំជំនឿបានរិះគិត និងឆ្លើយសំណួរទាំង៣ របស់អង្គសន្និបាតព្រះសហគមន៍២០២១-២០២៣ ដែលលោកអភិបាលឱ្យព្រះសហគមន៍នីមួយៗរិះគិត។ ក្នុងឱកាសនេះដែរក្រុមគ្រូអប់រំជំនឿក៏បានប្រជុំត្រៀមរៀបចំថ្នាក់ទទួលសិស្សថ្មី ដោយមានពិធីបើកឆ្នាំអប់រំជំនឿ និងពិធីចាត់គ្រូអប់រំជំនឿឱ្យទៅ នៅថ្ងៃអាទិត្យទី ២១ វិច្ឆិកា នាពេលខាងមុខនេះផងដែរ។ ដោយ លោកបូជាចារ្យ ឆ័ត្រសិរី