បេក្ខជន​១២រូប​សុំចូលព្រះសហគមន៍

មនុស្ស​ចំនួន​១២​នាក់ បាន​ឈរ​នៅ​ក្រៅព្រះវិហារ​សន្តីម៉ារី​ញញឹម​ចំការទៀង ហើយ​បាន​គោះ​ទ្វារ​ខ្លាំង ដើម្បី​ឲ្យ​អ្នក​ខាង​ក្នុង​ដែល​កំពុង​រៀបចំ​ថ្វាយ​សក្ការៈបូជា​ទៅព្រះជាម្ចាស់​បាន​ដឹង។ «តើបងប្អូនមករកអ្វី?»  លោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីត​ហស្លេ​បាន​សួរ​ទៅ​កាន់​អ្នក​នៅ​ខាង​ក្រៅទ្វារ។ ពួកគាត់​តប​ថា «មកសុំជំនឿ ដែលផ្ដល់ជីវិតអស់កល្បជានិច្ច។» លោកអភិបាល​បាន​អញ្ជើញ​ពួកគាត់ទាំងអស់​ឲ្យ​ចូល​ក្នុង​វិហារ​របស់​ព្រះជាម្ចាស់ ហើយ​ឲ្យ​ពួកគាត់​បង្ហាញ​ខ្លួន​នៅ​មុខ​គ្រីស្ត​បរិស័ទ​ទាំង​អស់​ដែលជា​ព្រះសហគមន៍នៅ​ភូមិចំការទៀង ឃុំ​គូស ស្រុ​ក​ត្រាំ​កក់​ខេត្ត​តាកែវ។ បេក្ខជន​ទាំងនោះ​បាន​ ចូលរួម​ជាមួយព្រះ​សហគមន៍​ ដោយ​ប្រកាស​ «សុំ​យក​ព្រះគ្រីស្តជាទីពឹង ព្រះបន្ទូលជាទីពឹង និងព្រះសហគមន៍ជាទីពឹង»។ ក្នុងធម្មទេសនានាថ្ងៃទី​២១ ខែ​សីហា គង្វាលព្រះសហគមន៍ភូមិភាគភ្នំពេញ លោកអូលីវីយ៉េ មាន​ប្រសាសន៍ថា ថ្ងៃនេះយើងចាប់ផ្ដើមធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទៅរកគោលដៅតែមួយគឺចង់បាន​សេចក្ដីសុខ។ លោក​អភិបាល​បន្តថា «ជីវិតដែលគ្មានទីពឹងជាជីវិតឯកោ ជាជីវិតដែលគ្មានក្ដីសង្ឃឹម។» យើងធ្វើដំណើរជាមួយព្រះយេស៊ូ ដែលមានព្រះបន្ទូលជាទីពឹង។ យើងត្រូវចូលក្នុងជីវិតព្រះសហគមន៍របស់យើងដើម្បីចាក់គ្រឹះ ដើម្បីទទួលមរតក ដែលមាន​តាំង​ពី​ប្រវត្តិសាស្ត្រព្រះសហគមន៍តាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។ លោកអភិបាល​បញ្ជាក់ថា ពេលយើងយកព្រះសហគមន៍ជាទីពឹងគឺ យើងចូលក្នុងមរតកពិសេសដែលជាកម្លាំង ដើម្បីបម្រើ​។ បេក្ខជនម្នាក់ៗ​បាន​ឡើងមកមុខអាសន:អុជធូបប្រកាសស្នើសូមយកព្រះគ្រីស្ត ព្រះបន្ទូល និងព្រះសហគមន៍ជាទីពឹង នៅចំពោះមុខលោកអភិបាល លោកបូជាចារ្យ និងគ្រីស្តបរិស័ទទាំងអស់។ លោកអភិបាលព្រះសហគមន៍អូលីវីយ៉េ គូសសញ្ញាឈើឆ្កាងលើថ្ងាសបេក្ខជនទាំងអស់ដើម្បីឱ្យបេក្ខជនទាំងនេះក្លាយជាអ្នកទទួលអប់រំជំនឿ។ សាក្សីនៃជំនឿ គូសសញ្ញាឈើឆ្កាងលើត្រចៀកបេក្ខជន​ដើម្បី​ឱ្យពួកគាត់​ចេះ​ស្ដាប់​ព្រះបន្ទូល​របស់ព្រះជាម្ចាស់​ គូសសញ្ញាឈើឆ្កាង​លើភ្នែកដើម្បីមើលឃើញព្រះពន្លឺព្រះជាម្ចាស់ គូសសញ្ញាលើមាត់បេក្ខជន ដើម្បីឱ្យពួកគាត់​ចេះឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ គូសសញ្ញាឈើឆ្កាងលើទ្រូងដើម្បីភ្ជាប់ចិត្តគំនិតជាមួយព្រះយេស៊ូ និង​គូសសញ្ញាឈើឆ្កាងលើដៃដើម្បីធ្វើដំណើររួមជាមួយគ្នាដោយចិត្តរីករាយ។ …

បេក្ខជន​១២រូប​សុំចូលព្រះសហគមន៍ Read More »