លោកអភិបាល អូលីវីយ៉េ៖ ការប្រយុទ្ធរបស់យើង ជាការប្រយុទ្ធដើម្បីសិទ្ធិសេរីភាព និងរំដោះមនុស្សលោក
«ពិតមែនយើងជាអ្នកចម្បាំងការពារពន្លឺ ដែលការប្រយុទ្ធរបស់យើង ជាការប្រយុទ្ធដើម្បីសិទ្ធិសេរីភាព និងរំដោះមនុស្សលោកឱ្យរកឃើញផ្លូវនៃជីវិតអស់កល្បជានិច្ច»។ នេះជាសារដែលថ្លែងឡើងដោយលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអ៊ីស្លេរ។ លោកអភិបាលបានលើកឡើងដូចនេះ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដើម្បីជាការក្រើនរំឭកដល់លោកបូជាចារ្យដែលបានចូលរួមប្រមាណជាជិត៩០អង្គ នៅក្នុងឱកាសពិធីបុណ្យអភិបូជាប្រកាសពាក្យសន្យាជាថ្មីរបស់លោកបូជាចារ្យចំពោះមុខព្រះសហគមន៍ និងពិធីប្រសិទ្ធិពរលើប្រេង នាព្រះវិហារសន្តសិលា និងសន្តប៉ូល នៃមណ្ឌលសកម្មភាពភ្នំពេញថ្មី។ ក្នុងពិធីនោះ លោកអភិបាល អូលីវីយ៉េ មានប្រសាសន៍ថា ៖ «យើងមិនមែនជាអ្នកចម្បាំង ដើម្បីបំផ្លាញ ដើម្បីណែនាំឱ្យមានភាពស្អប់គ្នា ប៉ុន្តែចម្បាំងដើម្បីចូលក្នុងការប្រយុទ្ធរបស់ព្រះជាម្ចាស់ ដើម្បីឱ្យពន្លឺ និងសេចក្តីពិតឈ្នះគ្រប់ពេលវេលា គ្រប់កាលៈទេសៈ»។ នៅក្នុងធម្មទេសនាដដែលនេះ លោកក៏បានរំឭកពីអត្ថន័យនៃការចូលក្នុងសប្តាហ៍ពិសិដ្ឋខាងមុខនេះ ដែលជាការចូលនៅក្នុងការប្រយុទ្ធចុងក្រោយបំផុតរបស់ព្រះយេស៊ូ ដើម្បីឈ្នះអំពើហិង្សាឈ្នះអំពើបាប និងឈ្នះការស្អប់គ្នានៅលើផែនដីទាំងមូល។ លើសពីនេះទៅទៀត លោកអភិបាលភូមិភាគភ្នំពេញរូបនេះ ក៏បានថ្លែងលើកទឹកចិត្តលោកបូជាចារ្យដែលជាអ្នកចម្បាំងការពារពន្លឺឱ្យឈរឡើង កុំភ័យខ្លាច ព្រោះមានព្រះជាម្ចាស់ជាខែលនៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពងងឹតនេះ។ លោកមានប្រសាសន៍ថា ៖ «អស់លោកបូជាចារ្យ ត្រូវការរស់នៅក្នុងសេចក្ដីស្រឡាញ់ដ៏ពិសេសរបស់ព្រះជាម្ចាស់ រស់នៅក្នុងទំនាក់ទំនងដ៏ពិតប្រាកដ ដោយមិនវង្វេងទៅនឹងស្ថានភាពសិប្បនិម្មិតរបស់ពិភពលោក»។ ដើម្បីធ្វើជាអ្នកចម្បាំងការពារពន្លឺនេះដែរ បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍មណ្ឌលសកម្មភាពព្រះសីហនុ លោក តាវ៉ូឡា យ៉ាំងលូកា បានលើកឡើងដែរថា ៖ «ខ្ញុំយល់ថាយើងជាបូជាចារ្យត្រូវការផ្ដល់សេចក្ដីសង្ឃឹមឱ្យបងប្អូន …