សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ
នាព្រឹកថ្ងៃទី៣០ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ ដែលទទួលខុសត្រូវដោយក្រុមបព្វជិតឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ បងប្រុស បងស្រី តំណាងអាជ្ញាធរដែនដី សិស្សានុសិស្ស អាណាព្យាបាល យ៉ាងច្រើនកុះករ។ មានប្រសាសន៍សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមបព្វជិតឡាសាល ពិសេសលោកគ្រូអ្នកគ្រូដែលជួយអប់រំណែនាំ នូវចំណេះដឹង របៀបរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ។ លោកបន្ថែមថា ការអប់រំមិនមែនអប់រំតែខួរក្បាលនោះទេ តែអប់រំទាំងចិត្ត ឥរិយាបថ របៀបទំនាក់ទំនង របៀបដែលនាំឱ្យមានចិត្តអាណិតមេត្តា របៀបបង្កើតសីលធម៌ ចេះគោរពគ្នាទៅវិញទៅមក និងរបៀបរស់នៅផងដែរ ដែលទាំងនេះនឹងជួយបង្កើតសង្គមមួយពោរពេញដោយសុខដុមរមនា និងសេចក្តីសុខ។ បន្ថែមក្នុងធម្មទេសនាក្នុងអភិបូជា លោកអភិបាលបានរំលឹកដល់កុមារទាំងអស់ថា សុបិនអាចកើតជាការពិតលុះត្រាតែយើងយកចិត្តទុកដាក់រៀន និងត្រៀមខ្លួន។ លោកក៏សូមឲ្យមានអ្នកជួយគាំទ្រដល់កុមារទាំងនោះដែលមានអាជ្ញាធរដី សាសនា ឪពុកម្តាយ និងសហគមន៍ ដើម្បីរៀបចំអនាគតរបស់កុមារ អនាគតប្រទេសជាតិ។ អគារសិក្សាថ្មី ដែលមានកម្ពស់៣ជាន់ មាន១៤ បន្ទប់ ត្រូវបានកាត់ខ្សែបូសម្ពោធជាផ្លូវការណ៍ ក្រោមជំនួយឧបត្ថម្ភពីក្រុមគ្រួសារបងប្រុសឡាសាល …