អភិបូជាសន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែល ជាអគ្គទេវទូត ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ “ទេវទូតបានជួយថែរក្សាយើង”
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលព្រះសហគមន៍ឱ្យយើងគោរពអគ្គទេវទូតដែលមាន សន្តមីកាអែល ដែលជាស្តេចនៃទេវទូតទាំងឡាយ។ ដូចយើងបានស្តាប់នៅក្នុងអត្ថបទទី១ មីកាអែលដែលបានយកឈ្នះមារសាតាំងឱ្យចេញពីស្ថានបរមសុខ ដើម្បីឱ្យមារសាតាំងឈប់រំខានមនុស្សលោក និងណែនាំឱ្យមនុស្សវង្វេងតទៅទៀត។ ថ្ងៃនេះយើងគោរពសន្តកាព្រីអែល ដែលជាអគ្គទេវទូតរបស់ព្រះជាម្ចាស់ ដោយបានណែនាំព្រះបន្ទូលរបស់ព្រះអង្គ។ ជាពិសេសដល់ព្រះនាងម៉ារី ឱ្យធ្វើជាមាតារបស់ព្រះជាម្ចាស់ ឱ្យធ្វើជាមាតារបស់ព្រះយេស៊ូ។ យើងមានសន្តរ៉ាហ្វាអែល ដែលជាអគ្គទេវទូតមួយរូបដែលថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាព្រះអង្គម្ចាស់នៃក្រុមទេវទូតទាំងឡាយ។ ដូច្នេះ ថ្ងៃនេះយើងមើលឃើញថាព្រះយេស៊ូបានណែនាំឱ្យយើងស្គាល់ដល់ក្រុមទេវទូត ព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំសូមប្រាប់អ្នករាល់គ្នាឱ្យដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយមានពួកទេវទូតរបស់ព្រះជាម្ចាស់ចុះឡើងពីលើបុត្រមនុស្ស”។ នៅក្នុងប្រពៃណីកាតូលិក ទេវទូតបានជួយថែរក្សាការពារយើង រៀងៗខ្លួនយើងមានទេវទូតមួយរូបដែលការពារថែរក្សាយើង។ នៅក្នុងចំណោមមីកាអែល កាព្រីអែល និងរ៉ាហ្វាអែល ជាទេវទូតដែលថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យយើងស្តាប់ឮ ដើម្បីឱ្យយើងធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គម្ចាស់ជានិច្ច។ ដូច្នេះ ថ្ងៃនេះយើងអធិដ្ឋានដើម្បីឱ្យក្រុមទេវទូត ជាពិសេសមីកាអែល កាព្រីអែល និងរ៉ាហ្វាអែល ថែរក្សាជីវិតរបស់យើង ថែរក្សាពិភពរបស់យើង។ ឱ្យយើងរួមគ្នាយកឈ្នះសង្រ្គាម យកឈ្នះអំពើអាក្រក់ ជាពិសេសយកឈ្នះជំងឺកូវីដ-១៩ ដើម្បីឱ្យជីវិតរបស់យើងអាចទៅជាជីវិតដែលពោរពេញដោយសិរីរុងរឿងនៅក្នុងពន្លឺរបស់ព្រះយេស៊ូគ្រីស្ត។ អាម៉ែន៕ + លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ