លោកអភិបាលអូលីវីយេ ជំរុញឱ្យបូជាចារ្យភូមិភាគភ្នំពេញប្រកាសដំណឹងល្អចូលក្នុងវប្បធម៌
“ប្រសិនបើដំណឹងល្អមិនចូលក្នុងវប្បធម៌ទេ នោះអ្វីៗដែលយើងប្រកាសមិនចូលទៅក្នុងចិត្តរបស់មនុស្សទេ។ ការប្រកាសដំណឹងល្អអាចជោគជ័យលុះត្រាតែ មនុស្សដែលជាសមាជិកនៅក្នុងសង្គមឬសហគមន៍ ទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិត និងណែនាំឱ្យព្រះបន្ទូលនេះមានផលផ្លែនៅក្នុងជីវិតឬបស់ពួកគាត់ដែរ”។ លោកអភិបាលមានប្រសាសន៍ដូច្នេះនៅក្នុងអង្គប្រជុំបូជាចារ្យភូមិភាគភ្នំពេញ នារសៀលថ្ងៃទី១៧ វិច្ឆិកា ២០២០ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នៅភ្នំពេញថ្មី។ លោកអូលីវីយេ បានក្រើនរំឭកអស់លោកបូជាចារ្យ ឱ្យមើលពីរបៀបដែលសម្ដេចប៉ាបប៉ូលទី១៦ សរសេរអំពីការប្រកាសដំណឹងល្អ គឺត្រូវប្រកាសដោយគុណធម៌ សីលធម៌ ប្រកាសដោយចូលទៅក្នុងការរស់នៅ គឺចូលទៅក្នុងវប្បធម៌ និងអរិយធម៌តាមតំបន់នីមួយៗ។ លោកអភិបាលបញ្ជាក់ទៀតថា នៅពេលយើងប្រកាសដំណឹងល្អនៅក្នុងវប្បធម៌មួយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញពីអ្វីដែលអស្ចារ្យនៅក្នុងវប្បធម៌នីមួយៗ ដែលអាចទៅជាប្រភពនៃជីវិតថ្មីផង និងជាគំរូសម្រាប់ជីវិតមនុស្សលោកផង ដោយដឹងថាដំណឹងល្អចូលទៅក្នុងសង្គមមនុស្ស។ លោកបន្ថែមថា នៅពេលយើងប្រកាសដំណឹងល្អនៅក្នុងវប្បធម៌មួយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញអំពីភាពអស្ចារ្យ និងសេចក្ដីពិត ព្រមទាំងតម្លៃដែលវប្បធម៌នីមួយៗមាន និងជារបៀបថ្មីដែលព្រះបន្ទូលបង្ហាញខ្លួន។ ទាក់ទងទៅនឹងការប្រកាសដំណឹងល្អនៅក្នុងវប្បធម៌នេះដែរ លោកអភិបាលអូលីវីយេ លើកទឹកចិត្តដល់ក្រុមសាសនទូតទាំងអស់ឱ្យប្រកាសដំណឹងល្អចូលក្នុងវប្បធម៌ខ្មែរ ដោយមិនត្រឹមតែរៀនភាសាខ្មែរប៉ុណ្ណឹងទេ ប៉ុន្តែចូលទៅគ្រប់ទំនាក់ទំនង គ្រប់សកម្មភាព ដោយធ្វើដំណើរនៅក្នុងពន្លឺជានិច្ច៕