ព្រះវិហារសន្តមីកាអែលបង្កើតសាលាមត្តេយ្យថ្មី
លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ បានសម្ពោធអាគារសិក្សាសាលាមត្តេយ្យរបស់ព្រះសហគមន៍សន្តមីកាអែល ដែលមានឈ្មោះថា មជ្ឈមណ្ឌលអប់រំកុមារ សន្តមីកាអែល នាព្រឹកថ្ងៃទី៣ មេសា ២០២២ នៅព្រះវិហារសន្តមីកាអែល ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ នៅក្នុងកម្មវិធីសម្ពោធនេះ លោកអភិបាល អូលីវីយ៉េ មានប្រសាសន៍ថា សាលាមត្តេយ្យថ្មីនេះ អាចណែនាំកូនៗឱ្យរីកចម្រើនទាំងចំណេះដឹង និងមានទំនាក់ទំនងនៅក្នុងជីវិតផ្ទាល់ខ្ខ្លួនជាកូន និងជាមិត្ត។ ក្នុងពេលជាមួយគ្នានេះដែរ លោកអភិបាល ក៏អធិដ្ឋានសូមព្រះជាម្ចាស់ប្រទានពរដល់សាលាមត្តេយ្យថ្មីនេះ ដែលជាកន្លែងមួយដែលណែនាំឱ្យកូនៗអាចរៀនដោយអំណរសប្បាយ និងរៀបចំចិត្តគំនិតដោយអប់រំកុមារដើម្បីឱ្យមានអនាគតដ៏សុខសាន្ត។ លោកបូជាចារ្យ អ៊ុន សុន បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពខេត្តព្រះសីហនុមានប្រសាសន៍ថា ថ្ងៃនេះយើងមានអំណរសោមន្សសរីករាយមែនទែនដែលបានបើកសាលាថ្មីមួយដើម្បីអប់រំកុមារឱ្យត្រៀមចូលថ្នាក់បឋមសិក្សាដែលមានអាយុចន្លោះ៤ទៅ៥ឆ្នាំ។ លោកបន្តថា សាលានេះបង្កើតឡើងដោយមានបំណងចង់ជួយដល់ឪពុកម្ដាយដែលរវល់ធ្វើការ «ជាពិសេសកន្លែងនេះមិនមែនត្រឹមតែរៀនអក្សរទេ ប៉ុន្តែចង់អប់រំក្មេងៗឱ្យរៀបចំខ្លួនដើម្បីមានទំនាក់ទំនងរវាងកុមារនិងកុមារ ចេះដឹងគុណនិងអរគុណគ្នាទៅវិញទៅមក និងអប់រំពួកគេឱ្យទៅជាកុមារល្អ ពលរដ្ឋល្អ ព្រោះវិស័យអប់រំជាវិស័យដែលយើងត្រូវការយកចិត្តទុកដាក់ធ្វើជាឪពុកម្ដាយទី២ និងធ្វើនៅក្នុងសេចក្ដីស្រឡាញ់ដើម្បីតបស្នងដឹងគុណដល់ព្រះជាម្ចាស់ដោយអំណោយទាន និងកម្លាំងរបស់យើង។» ទោះបីជាសាលាមត្តេយ្យនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយក្ដី ក៏ប៉ុន្តែមិនទាន់បើកបង្រៀននៅឡើយទេ ដែលនឹងចាប់ផ្ដើមមានសកម្មភាពនៅក្រោយពេលចូលឆ្នាំប្រពៃណីខ្មែរ គឺនៅដើមខែឧសភាខាងមុខ ដោយបច្ចុប្បន្នកំពុងទទួលចុះឈ្មោះចូលរៀនបណ្ដើរៗ។ នេះបើតាមប្រសាសន៍របស់លោក បូជាចារ្យអ៊ុន សុន។ លោក បន្ថែមថា សម្រាប់សាលាមត្តេយ្យនៅកំពង់សោមនេះ យើងត្រូវការការចូលរួមសហការពីមាតាបិតា ឬអាណាព្យាបាលក្នុងការចូលរួមឧបត្ថម្ភប្រចាំខែសមរម្យសម្រាប់ការអប់រំ ដើម្បីទ្រទ្រង់ចំណាយលើម្ហូប …