ប្រេងផ្តល់កម្លាំងដល់ចាស់ជរា
គ្រីស្តបរិស័ទកាតូលិកដែលជាជនចាស់ជរា និងអ្នកជំងឺចំនួន៥០នាក់បានមកចូលរួមទទួលប្រេងផ្តល់កម្លាំងសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរួមជាមួយជំនឿ ពីលោកបូជាចារ្យ ប៉ូលរឿង ឆ័ត្រសិរី កាលពីថ្ងៃទី៣០ ខែកក្កដាខាងមុខនេះនៅព្រះវិហារសន្តយ៉ូសែប(ផ្សារតូច)នារាជធានីភ្នំពេញ។ តាមប្រសាសន៍របស់លោក រឿង ឆ័ត្រសិរី បូជាចារ្យទទួលខុសត្រូវមណ្ឌលកម្មភាពភ្នំពេញខាងជើង និងជាអធបតីក្នុងពិធីនេះបានលើកឡើងថា ប្រេងដែលត្រូវលាបជូនលោកតា លោកយាយនាពេលនេះគឺ ជួយឲ្យពួកគាត់ធ្វើដំណើរទៅមុខដោយក្តីសង្ឃឹម ឬក៏ជួយឲ្យយើងនឹកឃើញពីការត្រៀមខ្លួនជួបជាមួយព្រះជាម្ចាស់នៅពេលខាងមុខ។ ប្រេងដែលលោកបូជាចារ្យបានលាបជូនចាស់ជរា គឺជាប្រេងអូលីវ ដែលត្រូវបានប្រសិទ្ធពរដោយលោកអភិបាល ក្លាយជាប្រេងពិសិដ្ឋ ជាសញ្ញាសម្គាល់នៃវត្តមានរបស់ព្រះជាម្ចាស់គង់នៅជាមួយមនុស្សលោកតាមរយៈអគ្គសញ្ញា។ អគ្គសញ្ញាលាបប្រេង ជាអគ្គសញ្ញាមួយក្នុងប្រពៃណីរបស់ព្រះសហគមន៍កាតូលិក គឺជាប្រេងផ្តល់កម្លាំង ជាពិសេសសំរាប់អ្នកទន់ខ្សោយ ឬអ្នកដែលកំពុងមានជំងឺ ដោយធ្វើក្នុងព្រះនាមព្រះជាម្ចាស់ (យក ៥,១៣-១៦)។ ស្ត្រីវ័យ៧០ឆ្នាំ អង្គុយលើរទេះរុញ ព្រោះជើងទាំងពីរពិកាដោយសារគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះនូ រំពឹង បានពោលឡើងថា «ខ្ញុំពិការជើង តែខ្ញុំមិនពិការជំនឿទេ។ ខ្ញុំមកព្រះវិហាជារៀងរាល់ថ្ងៃអាទិត្យដោយសាររទេះមួយនេះ ដើម្បីស្តាប់ព្រះបន្ទូល និងអធិដ្ឋាន។» ស្ត្រីរូបនេះបន្ថែមថា «ខ្ញុំធូស្រាលក្នុងចិត្ត មានកម្លាំង លែងខ្វាយខ្វល់ជំងឺដង្កាត់អ្វីទាំងអស់ ហើយអ្វីដែលកាន់តែពិសេសនោះ ខាងផ្លូវវិញ្ញាណរបស់យើងកាន់រឹងមាំ»។ ការទទួលប្រេងក្នុងថ្ងៃនេះ គឺមានអត្តន័យណាស់សំរាប់បងប្អូនគ្រីស្តបរិស័ទ។ នេះជាការបញ្ជាក់របស់អ្នកស្រីឆ្មារ យូ ប្រាដក ជាគ្រីស្តបរិស័ទមា្នក់កំពុងតស៊ូខ្លាំងជាមួយជំងឺមហារីកបានឲ្យដឹងថា «ប្រេងបានជួយរំលឹកខ្ញុំ និងគ្រីស្តបរិស័ទដទៀត …