សម្តែងសិល្បៈដើម្បីប្រកាសដំណឹងល្អ
កុមារនិងយុវជនជាង១០០នាក់មកពីមណ្ឌលសកម្មភាពចំនួន៨ក្នុងភូមិភាគភ្នំពេញបានរួមគ្នាហាត់របាំនិងហាត់សម្តែងរឿងព្រះយេស៊ូប្រសូតដែលធ្វើនៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង ដែលរៀបចំឡើងដោយការិយាល័យសិល្បៈរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ «សិល្បៈផ្នែករបាំ គឺខ្ញុំស្រលាញ់ខ្លាំងណាស់ហើយនៅពេលដែលព្រះសហគមន៍បានបង្កើតកម្មវិធីនេះឡើងទោះបីជារវល់យ៉ាងណាក៏ខ្ញុំត្រូវតែមកចូលរួមអោយបានដែរ»។ នេះជាការអះអាងរបស់យុវតី អាង សូលីតា មានអាយុ១៤ឆ្នាំ មកពីព្រះវិហារសន្តីម៉ារីញញឹមចំការទៀង។ សូលីតា បន្តថា ការហាត់របាំគឺជាការលើកតម្កើងវប្បធម៌ខ្មែរ ទោះបីជាមានការលំបាកក្នុងការកាច់ក្បាច់បាតក៏ដោយ ប៉ុន្តែនាងមានការតាំងចិត្តខ្ពស់ចំពោះការហាត់របាំនេះ។ ទន្ទឹមនឹងនេះ យុវតី វ៉ាន់ សុខនី អាយុ១៥ឆ្នាំ មកពីព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច បាននិយាយថា នេះជាលើកទី២ហើយដែលនាងបានចូលរួមហាត់របាំជាលក្ខណៈភូមិភាគ។ សុខនីបន្ថែមថា «ខ្ញុំទទួលបានបទពិសោធន៍ថ្មីៗជាច្រើនដូចជាបានជួបមិត្តភក្តិថ្មីៗ ជួបលោកគ្រូអ្នកគ្រូដែលមានបទពិសោធខ្ពស់ក្នុងបង្ហាត់បង្រៀន និងយល់កាន់តែច្បាស់ពីមូលដ្ឋានគ្រឹះនៃរបាំ»។ ក្នុងវគ្គនេះ វ៉ាន់នីបានហាត់របាំដែលមានឈ្មោះថា ជំទង់តែងខ្លួន។ នាងបានបន្តថា ចំពោះការហាត់របាំគឺមានការលំបាកបន្តិចបន្តួចប៉ុន្តែជាអំណរសប្បាយដែលនាងបានទទួលពីព្រះជាម្ចាស់។ នាងបានឲ្យដឹងទៀតថា នាងនឹងចែករំលែកបន្តដល់មិត្តភក្តិនៅព្រះសហគមន៍ដែលគេមិនទាន់យល់ពីវប្បធម៌និងសិល្បៈ ហើយសម្រាប់បុណ្យព្រះយេស៊ូប្រសូត្រនៅថ្ងៃខាងមុខ នាងនឹងយករបាំដែលបានហាត់នេះ សម្ដែងថ្វាយទៅព្រះជាម្ចាស់ និងអរព្រះគុណព្រះអង្គដែលទ្រង់បានប្រទានបុត្រមកសង្គ្រោះមនុស្ស។ យុវជនឈ្មោះ ប៊ុន តុឡា មានអាយុ១៧ឆ្នាំ មកពីព្រះសហគមន៍សន្តយ៉ូសែបជុំគិរី បានចូលរួមសិក្ខាសាលានេះលើកទី៣ហើយ ដោយនិយាយថា «ខ្ញុំពិតជាសប្បាយចិត្តនិងរំភើបជាខ្លាំងដែលបានដើរតួសម្ដែងជាយ៉ូសែបក្នុងរឿងព្រះយេស៊ូប្រសូត្រទម្រង់ល្ខោនយីកេ»។ តុឡាបន្តថា ការសម្ដែងមានការលំបាក ដោយសារតែមានការច្រៀងផ្ទាល់ដោយគ្មានការចាក់ជាសំឡេងដើម្បីសម្ដែងដូចរាល់ដងនៅតាមព្រះសហគមន៍នោះទេ។ យុវ័នរូបនេះបានបន្តថា រូបគាត់ពិតជាមានអំណរសប្បាយខ្លាំងដែលការិយាល័យបានបង្ហាត់បង្ហាញនូវរបាំដូចជារបាំប្រពៃណី របាំបុរាណ ហើយជាពិសេសគឺការសម្ដែងល្ខោនយីកេនិងបាសាក់ដើម្បីអោយរូបគាត់និងសិក្ខាកាមផ្សេងទៀតស្គាល់ពីវប្បធម៌ខ្មែរ និងបានហាត់រៀនដើម្បីត្រៀមសម្ដែងទទួលព្រះយេស៊ូប្រសូត្រផងដែរ។ ក្នុងសិក្ខាសាលារយៈពេល២ថ្ងៃ ពីថ្ងៃទី១-៣ខែធ្នូកន្លងទៅនេះ …