៤០ថ្ងៃនៅជាមួយទស្សនៈរបស់សន្តីតេរេសា
ក្នុងរដូវអប់រំពិសេសដែលមានរយៈពេល៤០ថ្ងៃ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានណែនាំឲ្យគ្រីស្តបរិស័ទកាតូលិក យករយៈពេលនេះ ដើម្បីសញ្ជឹងគិតអំពីពេលវេលាជាមួយព្រះជាម្ចាស់ តាមរបៀបរបស់សន្តីតេរេសានៃព្រះកុមារយេស៊ូនៅលីស្យឺ។ នៅក្នុងធម្មទេសនានៅព្រះវិហារព្រះកុមារយេស៊ូ(បឹងទំពុន) ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២២ កុម្ភៈ ជាថ្ងៃបុណ្យរោយផេះ និងជាថ្ងៃដើមដំបូងនៃរដូវអប់រំពិសេស លោកអភិបាអូលីវីយ៉េ មានប្រសាសន៍ថា សូមយើងទទួលទស្សនៈ និងផ្លូវវិញ្ញាណរបស់សន្តីតេរេសានៃព្រះកុមារយេស៊ូឱ្យចូលនៅក្នុងគោលដៅរបស់យើងគឺ ត្រឡប់មករកព្រះជាម្ចាស់ដែលបានបង្កើត ស្រឡាញ់ និងធ្វើដំណើរជាមួយយើងជារៀងរាល់ថ្ងៃ ជាពិសេសក្នុងរដូវ៤០ថ្ងៃនេះ។ មធ្យោបាយដែលយើងអាចគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បានគឺ ការអធិដ្ឋានដោយផ្ទាល់ខ្លួន និងជាមួយក្រុមយ៉ាងស្ងៀមស្ងាត់ដើម្បីសន្ទនាជាមួយព្រះជាម្ចាស់ដែលមានវត្តមាននៅក្នុងដួងចិត្ត និងរកពេលមើលស្នាព្រះហស្តរបស់ព្រះជាម្ចាស់តាមរយៈធម្មជាតិដែលព្រះជាម្ចាស់បានបង្កើត។ ក្នុងរយៈពេលនេះ គឺត្រូវរកពេលវេលាជួយបងប្អូនឯទៀតៗឲ្យបានច្រើនជាងមុន តាមរយៈកិច្ចការធម៌មេត្តាករុណាទាំង៧ ក្នុងនោះរួមមាន ផ្តល់អាហារដល់ជនក្រីក្រ ផ្តល់ទឹកដល់អ្នកស្រេក ជួយជនពនេចរ សួរសុខទុក្ខអ្នកជំងឺ សួរសុខទុក្ខទណ្ឌិត ចូលរួមបញ្ចុះសព ចែកទានដល់អ្នកក្រីក្រ។ លោកអភិបាលបានបន្ថែមថា តម គឺជាអ្វីដែលយើងត្រូវធ្វើពិប្រាកដ គឺតមទំនាក់ទំនងដែលឥតប្រយោជន៍ តមអណ្ដាតនិយាយដើមគេ តមគំនិតអាក្រក់ដែលមានលើគេជាដើម។ គ្រីស្តបរិស័ទ ម៉ាន សំឡូត ក្នុងវ័យ២៣ឆ្នាំ រៀបរាប់ថា «ខ្ញុំនឹងកែប្រែនូវអ្វីដែលមិនល្អនៅក្នុងឆ្នាំចាស់ឱ្យមកល្អវិញ តាមដែលអាចធ្វើទៅបាន ដូចជារឿងមួយចំនួនដែលអាចកាត់បន្ថយបាន យើងត្រូវកាត់បន្ថយមានៈ ការប្រមាថ និងការនិយាយដើមគេ ដើម្បីត្រៀមចូលរួមបុណ្យចម្លងនៅថ្ងៃខាងមុខ»។ …