លោកអូលីវីយេ ជ្មីតហស្លេ៖ ត្រូវធ្វើខ្លួនឱ្យក្លាយជាតួអង្គសកម្មក្នុងការទទួលខុសត្រូវជាន់ខ្ពស់
សហព័ន្ធកាតូលិកដើម្បីមនុស្សធម៌ និងការអភិវឌ្ឍន៍ដែលហៅកាត់ថា (CACD) បានបង្កើតកម្មវិធីសំណាក់ធម៌មួយនៅវិទ្យាស្ថានសន្តប៉ូល ដែលស្ថិតនៅភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាពលោកអភិបាល អូលីវីយេ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពី២៤អង្គការ ដែលមានមនុស្សជាង៥០នាក់ ក្រោមប្រធានបទ «ឱ្យយើងទៅជាតួអង្គសំខាន់ដើម្បីបង្កើតសង្គមថ្មី» ដែលកម្មវិធីនេះធ្វើឡើងកាលពីពេលកន្លងទៅថ្មីៗនេះ។ លោកអូលីវីយេ ជ្មីតហស្លេ បានថ្លែងដោយជំរុញឱ្យគ្រប់អង្គភាពទាំងអស់ធ្វើខ្លួនឱ្យក្លាយជាតួអង្គសកម្មក្នុងការទទួលខុសត្រូវជាន់ខ្ពស់បំផុតដើម្បីបង្កើតសង្គមថ្មីដោយដឹងថាក្នុងសង្គមសព្វថ្ងៃមានតួអង្គដែលអង្គុយមើល និងតួអង្គដែលសកម្ម។ លោកអភិបាលអូលីវីយេក៏បានស្នើឱ្យសមាជិក CACD ខិតខំធ្វើការដោយសហការគ្នាមិនមែនត្រឹមតែបំពេញតួនាទីជាបុគ្គលិកសម្រាប់អង្គការតែប៉ុណ្ណោះ ប៉ុន្តែត្រូវដាក់ខ្លួនបម្រើជាព្រះសហគមន៍ ជាគ្រួសារតែមួយនឹងធ្វើដំណើររួមជាមួយគ្នាដោយប្រកាសដំណឹងល្អនៅក្នុងអង្គព្រះយេស៊ូគ្រីស្ត។ លោកមានប្រសាសន៍ថា ៖ «នេះជាមូលហេតុទី១ដែលសមាជិកCACDត្រូវតែជួបជុំគ្នាជាព្រះសហគមន៍កាតូលិកតែមួយ បម្រើព្រះសហគមន៍តែមួយ ហើយត្រូវរិះគិតសហការគ្នាដោយធ្វើការរួមជាមួយគ្នា តាមប្រធានបទផ្សេងៗ ដូចជាការសិក្សា ដូចជាជីវិតពិការ ដូចជាសហក្រិនសង្គមជាដើម»។ នាឱកាសនោះដែរ លោក គឹម រតនា នាយកប្រតិបិត្តអង្គការការីតាសកម្ពុជា បានធ្វើការបែងចែកអង្គភាពជា៤ក្រុម ដើម្បីរិះគិតលើ៤ចំណុចជុំវិញCACD ក្នុងនោះរួមមាន៖ និយាយអំពីភាពខ្លាំង, និយា យពីភាពខ្សោយ និងការធ្វើឱ្យល្អប្រសើរឡើងជាងនេះ, និយាយពីឱកាសដើម្បីឱ្យCACDរីកចម្រើនទៅ មុខ និងចំណុចចុងក្រោយ និយាយពីហានីភ័យដែលប្រឈមមុខជាមួយCACD។ លោកបានបន្តថា ក្នុងការបែងចែក និងពិភាក្សាតាមក្រុមនីមួយៗនោះ ក៏មានចំនុចមួយចំនួនដែលណែនាំឱ្យអង្គភាពត្រូវតែពង្រឹងបន្ថែមផងដែរ …