“ឱ្យយើងក្រោកឈរឡើងដូចព្រះនាងម៉ារី”
អភិបូជាព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់ ភ្នំពេញខាងត្បូង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ អត្ថបទទី១៖ វិវរណៈ ១១,១៩.១២,១-៦.១០ទ្វារព្រះវិហាររបស់ព្រះជាម្ចាស់នៅស្ថានបរមសុខក៏បើកចំហឡើង។ វវ ១១,១៩អត្ថបទទី២៖ កូរិនថូស ទី១ ១៥,២០-២៧ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។ ១ករ ១៥,២៣ដំណឹងល្អ៖ លូកា ១,៣៩-៥៦នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរ។ លក ១,៣៩ បងប្អូនជាទីស្រឡាញ់! សប្តាហ៍មុន តំណាងយុវជនយើងបានចូលរួមថ្វាយអភិបូជាជាមួយសម្តេចប៉ាប រួមជាមួយយុវជនមកពីទូទាំងពិភពលោកជាង ១,៥០០,០០០នាក់។ ពេលនោះជាពេលវេលាពិសេស សម្រាប់តំណាងយុវជនកាតូលិកកម្ពុជាយើងមាន៤៥នាក់ ដែលបានចូលរួមជាមួយលោកអភិបាល លោកឪពុក លោកឧបដ្ឋាក បងស្រី។ ជាពេលវេលាមួយយ៉ាងពិសេស ដែលយើងមានបទពិសោធន៍អំពីព្រះសហគមន៍នៅក្នុងពិភពលោក ដែលមកប្រហែល១៨០ប្រទេសដើម្បីចូលរួមដោយមានលោកអភិបាលនិងលោកបូជាចារ្យមួយចំនួន។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទោះបីសប្តាហ៍មុនយើងជួបជាមួយសម្តេចប៉ាប និងគ្រីស្តបរិស័ទរួមជាមួយយុវជនរាប់លាននាក់ ពីរបីសប្ដាហ៍មុនខ្ញុំបានថ្វាយអភិបូជាជាមួយគ្រីស្តបរិស័ទនៅប្រទេសបារាំង និងថ្ងៃនេះខ្ញុំថ្វាយអភិបូជាជាមួយបងប្អូន។ តាមពិត ទោះបីយើងនៅគ្នាច្រើនឬគ្នាតិចក៏ដោយ យើងជាព្រះសហគមន៍កាតូលិកតែមួយ នៅប្រទេសនីមួយៗ រៀងរាល់ថ្ងៃអាទិត្យតាមកន្លែងនីមួយៗយើងមានគ្រីស្តបរិស័ទច្រើនឬតិចមិនសំខាន់ទេ។ អ្វីដែលសំខាន់ គឺយើងជួបជុំគ្នាដើម្បីលើកតម្កើងសេរីរុងរឿងរបស់ព្រះជាម្ចាស់។ សប្តាហ៍មុន ទោះបីយើងនៅជាមួយសម្តេចប៉ាបក៏ដោយ យើងដឹងថាថ្ងៃនេះក៏យើងនៅជាមួយសម្តេចប៉ាបម្យ៉ាងដែរ។ បន្តិចទៀត ពេលយើងសូត្រធម៌ព្រះកាយក៏យើងអធិដ្ឋានសម្រាប់សម្តេចប៉ាប សម្រាប់លោកអភិបាល សម្រាប់បូជាចារ្យនិងគ្រីស្តបរិស័ទទាំងអស់។ នេះជាការអស្ចារ្យដែលយើងត្រូវការនឹកឃើញគ្រប់ពេលវេលា …