លោកអភិបាលលើកទឹកចិត្តដល់មាតាបិតាកុមារអូទីសឹមកុំអស់សង្ឃឹម

សំណេះសំណាលមួយនៅ​សាលាអប់រំពិសេសនៃការលូតលាស់ (GSES)​ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ បាន​លើក​ទឹកចិត្ត​ មាតាបិតា និងអាណាព្យាបាលសិស្ស​ដែល​កំពុង​មាន​អូទីសឹម​ ត្រូវបន្ត​ដើរទៅ​មុខ​ជាមួយក្ដីសុបិន្ត ដោយជឿជាក់ថា កូនៗអាចធ្វើបាន ហើយ​ត្រូវ​តស៊ូ​ជាមួយ​ពួកគេ​ដើម្បី​សម្រេច​ឲ្យ​បាន​ក្ដីសុបិន្ត​ក្នុងចិត្ត។ កម្មវិធី​សំណេះ​សំណាលនេះ​បាន​ធ្វើ​ឡើង​នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន ក្នុងសង្កាត់​បឹងទំពុន​ ខណ្ឌមានជ័យ នារាជធានីភ្នំពេញ កាលពីថ្ងៃទី​២០ ខែ​ធ្នូ​កន្លងទៅ ហើយក្នុងនោះ​ក៏​មានវត្តមានលោកជំទាវ ឃុន រចនា អនុរដ្ឋលេខា​ធិការក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន និង​អាណាព្យាបាលព្រមទាំងសិស្ស​ជាច្រើនរយនាក់ចូលរួម​។ លោកអភិបាល អូលីវីយ៉េបាន​ឲ្យដឹងទៀតថា សាលា​នេះ​មាន​សិស្ស​ច្រើន​ដោយសា​រសាលារបស់យើងមាន​គុណភាព មានសេវាកម្មដ៏ល្អប្រសើរដើម្បីជួយឱ្យកូនៗ​រីកចម្រើន។ សាលា​GSES ជា​សាលា​មួយ​របស់​ព្រះសហគមន៍កាតូលិក​ ដែល​ទទួល​អប់រំ​និង​ថែទាំ​កុមារ​មាន​អូទីសឹម។ បច្ចុប្បន្ននេះ មាន​សិស្ស​ចំនួន​៣០០នាក់ កំពុង​សិក្សា​និង​មាន​៥នាក់​ផ្សេងទៀត​ស្ថិត​ក្នុងបញ្ជីរង់ចាំ។ លោកអភិបាល​បន្តថា សាលា​យើងនិ​ងឪពុកម្តាយ​​មានសុបិនរួម​គ្នា​ គឺចង់ឱ្យកូនៗមានទំនាក់ទំនងនៅក្នុងសង្គម មាន​សកម្មភាព​ជាមួយ​​ជីវិតរស់នៅប្រចាំថ្ងៃ ដូច្នេះ​យើង​ត្រូវ​ជួយ​គ្នា ដើម្បីឱ្យកូនៗរបស់​យើងរីកចម្រើនតាម​សមត្ថភាពបន្តិចម្ដងៗ ដោយជឿថានៅក្នុងគ្រួសាររបស់យើងនឹងមានសេចក្ដីសុខ​សាន្តពេលដែលឃើញកូនៗរីកចម្រើន។ បើតាមប្រសាសន៍របស់អ្នកស្រី ភោគ ម៉ានី នាយិការសាលាអប់រំពិសេស បានឱ្យ​ដឹង​ថា កិច្ចសំណេះសំណាលនេះ នឹងជួយលើកទឹកចិត្តដល់ឪពុកម្តាយកុមារ​ ​​បន្ត​ជួយកូនរបស់គាត់ និងបន្តរស់នៅ​ជាមួយនឹងក្ដីសង្ឃឹម។ អ្នកស្រីសង្កត់ធ្ងន់ថា អ្វី​សំខាន់​គឺពាក្យស៊ូៗដែលយើងត្រូវទៅមុខជាមួយគ្នា។