ជំនួបយុវជនកាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងជើង
យុវជនដែលមានអាយុចន្លោះ១៣ដល់១៨ឆ្នាំ នៅតាមបណ្ដាព្រះសហគមន៍ ទាំង៩នៃមណ្ឌលសកម្មភាពភ្នំពេញខាងជើងចំនួន៥០នាក់ ចួបជុំគ្នានាល្ងាច ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ មករា ២០២១ ដើម្បីរិះគិតរួមគ្នាក្រោមប្រធានបទ “ចេញទៅប្រកាសដំណឹងល្អ” នៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច និងដឹកនាំដោយលោកបូជាចារ្យ ផ្រមផុង ស៊ីហារ៉ាត់ (ប៊ឺត)។ យុវជន ហួត ម៉េងធូ ជាប្រធានយុវជន បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងដើម្បី ជួយដល់យុវជននៅក្នុងមណ្ឌលសកម្មភាពភ្នំពេញខាងជើង ទាំងអស់ឱ្យមានសកម្មភាពរួមគ្នា និងបានស្គាល់គ្នាទៅវិញទៅមក ហើយក៏ជាមធ្យោបាយមួយដើម្បីបង្រៀនពួកគាត់ឱ្យចេះសាមគ្គីគ្នាដែរ។ ប្រធានយុវជនបន្តថា យុវជនគឺជាស្នូលនៃព្រះសហគមន៍ ដូច្នេះពួកគេត្រូវដឹងពីតួនាទី និងមានសកម្មភាពអ្វីខ្លះ ដើម្បីចេញទៅប្រកាសដំណឹងល្អ នៅក្នុងជីវិតប្រចាំថ្ងៃ នៅក្នុងព្រះសហគមន៍ និងនៅក្នុងសង្គម ដោយបង្កើតសកម្មភាពនានានៅក្នុងព្រះសហគមន៍ផ្ទាល់ខ្លួនរបស់ពួកគេ ក៏ដូចជា ការប្រកាសដំណឹងល្ អតាមរយៈបណ្ដាញសង្គមផងដែរ។ លោកបូជាចារ្យ ប៊ឺត បានមានប្រាសាសន៍ ទៅកាន់យុវជនទាំងអស់ថា ប្រសិនបើយើងមានចិត្តចង្អៀត ចិត្តច្រណែន តើយើងទៅប្រកាសអ្វី? លោកបន្តថា ការប្រកាសដំណឹងល្អគឺចេញពីខ្លួនយើងផ្ទាល់ ដោយចាប់ផ្ដើមធ្វើជាគំរូដល់គេ និងបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ឱ្យគេឃើញ។ លោករំឭកអំពីអត្ថបទព្រះគម្ពីរថា ហេតុអ្វីបានជាខ្មោចស្គាល់ព្រះយេស៊ូ? រីឯយើងទាំងអស់គ្នានៅទីនេះវិញ តើយើងស្គាល់ព្រះយេស៊ូឬអត់? លោកថា ប្រសិនបើយើងស្គាល់ព្រះយេស៊ូ …