កុមារកាន់តែច្រើន កង្វះខាតថ្នាក់រៀននិងគ្រូកើតមាន
សាលាឡាសាលពោធិ៍ធំ ក្នុងឆ្នាំសិក្សា២០២០-២០២១នេះ មានចំនួនកូនសិស្សកើនឡើងជិត១០០ភាគរយ ធ្វើឲ្យសាលានេះខ្វះខាតបន្ទប់សិក្សានិងគ្រូបង្រៀន។ តាមរយៈព្រឹត្តិប័ត្ររបស់ក្រុមគ្រួសារបងប្រុសឡាសាល ជាអ្នកបង្កើតសាលាឡាសាលពោធិ៍ធំបានឲ្យដឹងថា ក្នុងឆ្នាំសិក្សាចាស់ មានសិស្សត្រឹមតែ២២០នាក់ប៉ុណ្ណោះ ដែលក្នុងនោះមានថ្នាក់មត្តេយ្យចំនួន៤ និងថ្នាក់បឋមសិក្សាចំនួន៤ ប៉ុន្តែបច្ចុប្បន្នក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ចំនួនកូនសិស្សបានកើនឡើងដល់៤០០នាក់។ ប្រភពដដែលបានឲ្យដឹងទៀតថា បេសកកម្មរបស់សាលានេះ គឺផ្តល់ការអប់រំដល់កុមារក្រីក្រដោយឥតបង់ប្រាក់ និងមានអាហារដល់ពួកគេផងដែរ។ កម្មវិធីសិក្សារបស់សាលានេះ គឺគោរពតាមគោលការណ៍អប់រំណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា ដោយរួមបញ្ចូលភាសាបរទេស កីឡា និងបំណិនជីវិត។ បច្ចុប្បន្នសាលាឡាសាលពោធិ៍ធំ ដែលជាសាលារបស់ព្រះសហគមន៍កាតូលិកនេះ មានគ្រូជនជាតិខ្មែរចំនួន១៥នាក់ បងប្រុសឡាសាលចំនួន៣នាក់ និងបងស្រី ឡាសាលចំនួន៣នាក់ ដែលមានបងប្រុស យ៉ូសែប ង្វៀន ឌឹអាញ ជានាយកសាលា។ ក្នុងអំឡុងពេល មានវិបត្តិកូវីដ១៩ សាលាឡាសាលពោធិ៍ធំ បានចែករំលែកនូវគ្រឿងឧបភោគបរិភោគដល់គ្រួសារសិស្សក្រីក្រចំនួន២លើក ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត និងបុណ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ដែលមួយលើកៗមានចំនួន១០០គ្រួសារ ទទួលបានអង្ករ និងមី៕ ដោយកែវ កញ្ញា