ក្រុមជំទង់ភូមិភាគភ្នំពេញជួបជុំគ្នារិះគិតពី បរិស្ថានជាជីវិត
ជំទង់ចំនួន១៤០នាក់ មកពីមណ្ឌលសកម្មភាពទាំង៩របស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលមានអាយុចាប់ពី១៣ដល់១៨ឆ្នាំ បានចូលរួមកម្មវិធីបោះជំរំ ស្តីអំពី “បរិស្ថានជាជីវិត” ដែលរៀបចំដោយក្រុមការិយាល័យជំទង់ ភូមិភាគភ្នំពេញ ដែលធ្វើឡើងនៅឌឹវ៉ាញភ្នំវល្លិ៍ (The Vine Phnom Vor) នៃខេត្តកែប៧-៩ ខែតុលានេះ។ តាមការឱ្យដឹងពីអ្នកស្រី នូវ ម៉ាលីន អ្នកទទួលខុសត្រូវផ្នែកជំទង់ នៃការិយាល័យ យុវជន ជំទង់ កុមារ និងគ្រួសារភូមិភាគភ្នំពេញ បានឱ្យដឹងថា ជំនួបជំទង់ភូមិភាគភ្នំពេញឆ្នាំ ២០២២ នេះ ផ្តោតសំខាន់លើគុណតម្លៃនៃបរិស្ថាន និងឈ្វេងយល់អំពីស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ អ្នកស្រីម៉ាលីនបន្ថែមថា យើងក៏ចង់ឱ្យជំទង់ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួលបទពិសោធការស្នាក់នៅព្រៃភ្នំ ឬគេងតង់ដោយឆ្លងកាត់ឧបសគ្គមានអាកាសធាតុប្លែកពីផ្ទះរបស់ពួកគាត់ និងសំខាន់បំផុតចង់ឲ្យគាត់ស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់តាមរយៈការអធិដ្ឋាន ចូលរួមជាបូជានិងច្រៀងសរសើរតម្កើងព្រះជាម្ចាស់។ ជំទង់ទាំងនេះ ភាគច្រើនគឺជាពុទ្ធបរិស័ទ ហើយមានខ្លះកំពុងរៀនអប់រំជំនឿ និងមានសកម្មភាពជាមួយព្រះសហគមន៍ក្នុងក្រុមកាយឫទ្ធិ។ ក្នុងកម្មវិធីបោះជំរំរយៈពេល២ថ្ងៃនេះ ជំទង់ទាំងអស់បានយល់ដឹងអំពីអ្វីទៅជាបរិស្ថាន និងសារៈប្រយោជន៍របស់វា ព្រមទាំងរបៀបនៃការថែរក្សាឲ្យបានល្អ ដែលណែនាំដោយកញ្ញាប៉ាញ ចិន្តាមកពីអង្គការជេស្វីតសឺវីសកម្ពុជាផ្នែកបរិស្ថាន ឱ្យជំទង់រិះគិតអំពី ការបំពុលទឹក ការបំពុលខ្យល់ ព្រៃឈើ និងសំរាម ដោយគិតពីហេតុផល ផលប៉ះពាល់ វិធានការនៃការកាត់បន្ថយនិងគ្រប់គ្រង។ …
ក្រុមជំទង់ភូមិភាគភ្នំពេញជួបជុំគ្នារិះគិតពី បរិស្ថានជាជីវិត Read More »