អភិបូជាបុណ្យទេវទូតជូនដំណឹងធ្វើនៅព្រះសហគមន៍ក្សត្រីនៃសន្តិភាពអរិយក្សត្រ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២
អត្ថបទទី១៖ អេសាយ ៧,១០-១៤. ៨,១០ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ។ អស ៧,១៤ អត្ថបទទី២៖ ហេប្រឺ ១០,៤-១០ «ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ»។ ហប ១០,៩ ដំណឹងល្អ៖ លូកា ១,២៦-៣៨ ចូរមានអំណរសប្បាយឡើង! លក ១,២៨ “តាមរយៈព្រះនាងម៉ារីយើងមើលឃើញស្ថានបរមសុខ” បងប្អូនជាទីស្រឡាញ់ “យុវនារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយហើយថ្វាយព្រះនាមថា អេម៉ាណូអែល គឺព្រះអម្ចាស់គង់នៅជាមួយយើង” នេះជាព្រះបន្ទូលដែលព្យាការីអេសាយបានថ្លែង មុនព្រះនាងម៉ារីបានទទួលដំណឹងទៅជាមាតារបស់ព្រះជាម្ចាស់។ ប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើដំណើរទៅដល់ទឹកដីរបស់ព្រះយេស៊ូនៅប្រទេសអ៊ីស្រាអែល ខ្ញុំបានទៅដល់ផ្ទះរបស់ព្រះនាងម៉ារីដែលនៅសល់ថ្មខ្លះៗ។ នៅក្នុងផ្ទះនោះ គេបានសរសេរពាក្យស្លោកជាភាសាឡាតាំងដែលបកប្រែជាភាសាខ្មែរថា “គឺនៅកន្លែងហ្នឹងព្រះយេស៊ូជាអម្ចាស់ចាប់កំណើតជាមនុស្ស”។ ថ្ងៃនេះ ជាថ្ងៃដែលយើងនឹករលឹកដល់ថ្ងៃដែលព្រះយេស៊ូ បានចាប់កំណើតជាមនុស្សនៅក្នុងផ្ទៃពោះរបស់ព្រះនាងម៉ារី។ ព្រះបន្ទូលតាមរយៈព្យាការីអេសាយ បានក្លាយទៅជាព្រះបន្ទូលយ៉ាងជាក់ស្តែង “យុវនារី (គឺព្រះនាងម៉ារី) នឹងមានផ្ទៃពោះ (ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ) នាងនឹងសម្រាលបានបុត្រមួយ (គឺព្រះយេស៊ូដែលជាព្រះអម្ចាស់) ហើយថ្វាយព្រះនាមថាអេម៉ាណូអែល (ព្រះអម្ចាស់គង់នៅជាមួយយើង)”។ ដំណឹងល្អដែលយើងបានស្តាប់ថ្ងៃនេះ ដំណឹងល្អដែលយើងបានឃើញយ៉ាងជាក់ស្តែងនៅក្នុងព្រះនាងម៉ារី។ ដោយសារ ព្រះនាងម៉ារីបានឯកភាពជាមួយព្រះជាម្ចាស់ ដើម្បីចូលនៅក្នុងព្រះហឫទ័យរបស់ព្រះអង្គ ដោយបានឆ្លើយថា “នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ …